ប្រជាពលរដ្ឋផ្ទុះការថ្កោលទោសចំពោះការប្រើឧបករណ៍នេសាទខុសច្បាប់ លបណារ៉ាវ នៅផ្ទៃបឹងទន្លេសាទ ចង់ឱ្យស្ថាប័នមានសមត្ថកិច្ចបញ្ជាក់ឲ្យច្បាស់ !

រាជធានីភ្នំពេញ ÷ មហាជន និងប្រជាពលរដ្ឋកំពុងផ្ទុះការចាប់អារម្មណ៍ចំពោះរូបភាពនៃការប្រើឧបករណ៍នេសាទ បរ ឬលបណារ៉ាវ ( ហៅតាមតំបន់ ) ដែលត្រូវបាន គេថតជាប់ពីលើអាកាសកាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ បង្ហាញនៅផ្នែកមួយនៃបឹងទន្លេសាប ដែលជាឧបករណ៍ខុសច្បាប់ ប៉ះពាល់ដល់ការរីកចម្រើនរបស់មច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប, ហើយមកដល់ពេលនេះ តើអាជ្ញាធរខេត្ត ឬមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ មានបានចុះត្រួតពិនិត្យ ធ្វើការវាយតម្លៃរួចហើយឬនៅ? ថាតើវាជាព័ត៌មានពិត ជារូបភាពពិត ជាសកម្មភាពពិតមែន ឬយ៉ាងណា?!
ការផ្សាយរបស់ ” សារព័ត៌មានស្រឡាញ់យុត្តិធម៌ ” ក៏ដូចជាការលើកឡើងនៃប្រភពពីប្រជាពលរដ្ឋ មិនមានបំណងវាយប្រហារស្ថាប័នរដ្ឋមួយណានោះទេ ប៉ុន្តែនេះជាព័ត៌មានសាកសួរ និងនាំពាក្យពីប្រជាពលរដ្ឋទៅស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល និងនាំពាក្យពីរាជរដ្ឋាភិបាលត្រឡប់មកវិញ ដូច្នេះ រូបភាពដាក់លបណារ៉ាវដែលជាឧបករណ៍នេសាទខុសច្បាប់នេះ តើស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល មានវិធានការបែបណាហើយឬនៅ?! តាមប្រភពពីប្រជាពលរដ្ឋ ថា រូបភាពនេះ គេថតបានកាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤។
បញ្ហាប្រទះឃើញរូបភាពនៃការដាក់លបណារ៉ាវ ប្រជាពលរដ្ឋដែលទទួលបានរូបភាពនេះ បានលើកឡើងថា ពួកគេចង់សួរស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ឱ្យច្បាស់អំពីរឿងនេះ ព្រោះវាជាប្រយោជន៍រួមរបស់ជាតិ, វាជាប្រយោជន៍រួមនៃកូនចៅជំនាន់ក្រោយ។ ប្រជាពលរដ្ឋបង្ហាញថា តាមការសាកសួរមន្ត្រីជំនាញ រូបភាពដែលថតពីលើអាកាសដោយប្រើដ្រូននេះ គឺនៅតំបន់ផាត់សណ្តាយនៃបឹងទន្លេសាបក្នុងទឹកដីខេត្តកំពង់ធំ ដែលមានរាងដូចព្រួញច្រវាត់ច្រវែងពេញផ្ទៃបឹងតែម្ដង គេហៅថា បរ ឬ លបណារ៉ាវ ដែលជារបាំងសាច់អួន ដើម្បីស្ទាក់ត្រីគ្រប់ប្រភេទ វាគឺជាឧបករណ៍ខុសច្បាប់។
សំណួរប្រជាពលរដ្ឋសួរថា តើឧបករណ៍នេសាទខុសច្បាប់នៅផាត់សណ្ដាយលើផ្ទៃបឹងទន្លេសាបនេះ ហេតុអ្វីអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប? ឬមួយមិនដឹង? បើអស់លោកគិតែពីមិនដឹង តើធ្វើការបម្រើប្រជាពលរដ្ឋ បម្រើរាជរដ្ឋាភិបាល និងសង្គមជាតិ យ៉ាងម៉េចទៅ?!
កន្លងមក បទល្មើសមួយចំនួន ឬភាគច្រើន ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបដោយយកចិត្តទុកដាក់បម្រើសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ-សង្គមជាតិ គួរឱ្យកោតសរសើរ, ហើយ ” សារព័ត៌មានស្រឡាញ់យុត្តិធម៌ ” តែងតែផ្សាយលើកអំពីតម្លៃនៃស្នាដៃរបស់សមត្ថកិច្ច មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនហូរហែ តែពេលនេះ ចំពោះរូបភាពនៃការដាក់ពង្រាយឧបករណ៍នេសាទខុសច្បាប់លបណារ៉ាវ សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលចាត់វិធានការចុះត្រួតពិនិត្យ វាយតម្លៃឱ្យបានច្បាស់លាស់ ថា តើពិតជាបទល្មើសមែន ឬក៏ជាការកែច្នៃរូបភាពបំផ្លើសព័ត៌មានបំពុលសង្គមទេ?! ឬជាឧបករណ៍នេសាទ និងការនេសាទស្របច្បាប់ ?! ” សារព័ត៌មានស្រឡាញ់យុត្តិធម៌ ” នឹងធ្វើការផ្សាយដើម្បីឱ្យប្រជាពលរដ្ឋ មហាជន បានជ្រួតជ្រាបវិញ កុំឱ្យមានការយល់ច្រឡំ, ប៉ុន្តែប្រសិនជាការពិតវិញនោះ រាជរដ្ឋាភិបាល គួរណាស់ដាក់ទោសទណ្ឌទៅលើមន្ត្រីគប់គិតនឹងបទល្មើសមួយនេះ៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.