សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៤ចំណុច ជំរុញឱ្យរៀបយន្តការពង្រឹងវិស័យកីឡា …
រាជធានីភ្នំពេញ ៖ ជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនកីឡាករជ័យលាភី មេដាយមាស ប្រាក់ និងសំរឹទ្ធិ, គ្រូបង្វឹក-គ្រូជំនួយ ក្រោយការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ដែលត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍បន្ថែមមួយចំនួន ដល់ស្ថាប័នពាក់ព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សម្រាប់យកទៅអនុវត្ត ដូចខាងក្រោម ៖
១- ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ សហព័ន្ធកីឡាជាតិ ត្រូវរៀបចំ យន្តការគាំទ្រ បណ្តុះបណ្តាល និង លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី នៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់សម្រាប់លើកស្ទួយកីឡាជាតិ ទាំងការប្រកួតនៅក្នុងតំបន់ និងសាកលលោក ។
២- ក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ សម្រិតសម្រាំង និងបណ្តុះបណ្តាលធនធានយុវជន ដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិ នាពេលអនាគត ។
៣- ខ្ញុំសូមលើកទឹកចិត្តឱ្យ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ ខិតខំហ្វឹក ហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់, ពីព្រោះការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និងត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមប្រកួតប្រជែងនានា ទាំងកម្រិតជាតិ តំបន់ និងសាកល។
៤- គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និងបទពិសោធ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ាកីឡា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ-កីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ-កីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត៕
កុលាបភ្នំពេញ















