រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់ដល់ក្រុមនិស្សិត ថា ការសិក្សាជំនាញវិជ្ជាជីវៈសារព័ត៌មាន មានតម្រូវការទីផ្សារការងារគ្រប់កាលៈទេសៈ …

រាជធានីភ្នំពេញ ៖ ក្នុងឱកាសធ្វើជាវាគ្មិនកិត្តិយស ជូនដល់និស្សិតចំនួន ៨៧១នាក់ មកពីមហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់ដល់សិស្ស-និស្សិតថា ជំនាញផ្នែកព័ត៌មាន និងផ្សព្វផ្សាយ គឺនៅតែមានទីផ្សារការងាររហូត ព្រោះប្រទេសនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋគ្រប់គ្នានៅតែត្រូវការព័ត៌មានជានិច្ច ដូច្នេះទីផ្សារការងារលើជំនាញនេះនៅតែមានភាពទូលាយ។
ស្ដីពីការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងបញ្ហាប្រឈមនីមួយៗ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កន្លងមកយើងគិតតែពីការសិក្សាទ្រឹស្តី តែពេលរៀនចប់ចូលធ្វើការងារក៏ចាប់ផ្តើមរៀនសាជាថ្មីម្តងទៀត ដោយសារយើងមិនបានផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត ដែលធ្វើឱ្យបាត់នូវការតម្រង់ទិស ហើយនិស្សិតមួយចំនួនចូលធ្វើការងារមិនចំមុខជំនាញ។
លើកឡើងពីការប្រឡងជាប់អាហារូបករណ៍នៅវិទ្យាស្ថានភាសាបរទេស ដេប៉ាតឺម៉ង់ ផ្នែកឯកទេសសារព័ត៌មាន ឯកទេសភាសាបារាំង និងភាសាវិទ្យា ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញថា ជាបទពិសោធន៍កាលពីជំនាន់ខ្ញុំនោះ ដោយបានគិតថា តើយើងរៀនដើម្បីរង់ចាំទីផ្សារ ឬរៀនដើម្បីឆ្លើយតបតម្រូវការទីផ្សារ? ជាជម្រើស គឺបានយកជំនាញសារព័ត៌មាន ដោយសារគិតថា ប្រព័ន្ធផ្សព្វផ្សាយ គឺមានទីផ្សាររហូត ហើយប្រទេសនីមួយៗ និងប្រជាពលរដ្ឋ តែងត្រូវការព័ត៌មានជានិច្ច, ដូច្នេះនៅពេលរៀនចប់ យើងមានការងារធ្វើ មានប្រាក់វំណូល អាចរៀនបន្តទៀត ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរឹងមាំ។
បច្ចុប្បន្ន ប្រពន្ធ័ផ្សព្វផ្សាយចែកចេញជា ២ប្រភេទ គឺទី១ ប្រពន្ធ័ផ្សព្វផ្សាយបុរាណ មាន វិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី។ ទី២ ប្រពន្ធ័ផ្សព្វផ្សាយទំនើប រួមមាន TV Online , Facebook , TikTok , Telegram , WeChat ជាដើម ហើយពេលនេះដែរ បណ្តាញផ្សព្វផ្សាយសង្គម Facebook និង TikTok បានក្លាយជាមូលដ្ឋានគ្រឹះរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន, ដូច្នេះការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយ គឺជាសារៈសំខាន់មួយក្នុងសម័យសង្គមឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.