អាជីវករ ពាណិជ្ជករ ចង់ស្វែងរកដៃគូពាណិជ្ជកម្ម លើផលិតផលខ្មែរ បន្លែ ផ្លែឈើ តម្បាញ និងសូត្រកម្ពុជា សូមមើលក្នុងពិព័រណ៍នេះ  …

ខេត្តសៀមរាប ៖ ក្រុមអ្នកផលិតរបស់កម្ពុជាបានខិតខំប្រឹងប្រែងលើការផលិត ផលិតផលទាំងផ្នែកកសិកម្ម និងសិប្បកម្មផ្សេងៗ ដើម្បីជំរុញទីផ្សារ និងធ្វើយ៉ាងណាឱ្យគេបានស្គាល់ និងប្រើប្រាស់កាន់តែច្រើនឡើង, ជាក់ស្ដែងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ បន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងឧឡារិក នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯ‍កឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មជាច្រើនរូបទៀត ព្រមទាំងមានការចូលរួមពី លោកជំទាវ ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងតំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធ ផលិតករ ពាណិជ្ជករ កសិករ សិស្សនិស្សិតបានចូលរួម។
ព្រឹត្តិការណ៍ពិព័រណ៍នេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានទាក់ទាញអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន និងសហគមន៍ ផលិតបន្លែផ្លែឈើខ្មែរ មកពីបណ្តាខេត្តក្រុងចំនួន១៦ ដោយបាននាំយកផលិតផលខ្មែរ បន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើក្រៀម អង្ករ ស្វាយចន្ទី ម្រេច ដំឡូងមី វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើម យកមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្ម សរុបមានក្រុមហ៊ុន/សហគ្រាសចូលរួមចំនួន ១១៣ក្រុមហ៊ុន និងមានស្តង់តាំងពិព័រណ៍សរុបចំនួន ១២៥ស្តង់។
អមជាមួយព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ក៏មានរៀបចំកម្មវិធីមួយចំនួនផងដែរ ដូចជា៖ យុទ្ធនាការលើកកម្ពស់តម្បាញ និងជំរុញការប្រើប្រាស់ផលិតផលសូត្រកម្ពុជា ការបង្ហាញម៉ូដផលិតផលសូត្រខ្មែរ ការសម្តែងសិល្បៈតន្រ្តី ស្គរដៃស្រុកស្រែ សិល្បៈល្ខោនសៀករហស្សកម្ម ព្រមទាំងមានការដង្ហែក្បួនតុក្កតាយក្សមកកាន់ទីតាំងរៀបចំពិព័រណ៍ផងដែរ។ ការរៀបចំពិព័រណ៍ផលិតផលខ្មែរនេះ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ជំរុញទីផ្សារ និងធ្វើយ៉ាងណាឱ្យគេបានស្គាល់ និងប្រើប្រាស់កាន់តែច្រើនឡើង៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.