ចង់ជ្រុលពេលបន្តិចហើយ រឿងអាជ្ញាធររាជធានីភ្នំពេញ រៀបចំផែនការបាញ់ថ្នាំសម្លាប់មូសបង្ការជំងឺគ្រុនឈាម …

រាជធានីភ្នំពេញ ៖ ដោយសារកំណើនអ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យព្រួយបារម្ភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំជាមួយនឹងមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឱ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាម ជាពិសេសប្រភពដើមនៃការបង្កឱ្យមានជំងឺនេះ គឺមូសនេះឯង, ប៉ុន្តែមហាជនលើកឡើងថា របៀបការងារនេះចង់ជ្រុលពេលបន្តិចទៅហើយ គួរតែធ្វើឱ្យបានទាន់ពេលរដូវសម្រកភ្លាមៗ ឬបញ្ចប់រដូវរងា ព្រោះថា ពេលចាប់ផ្ដើមរដូវសម្រក គឺមូសចាប់ផ្ដើមកកើតច្រើនពេញផ្ទៃលំហតែម្ដង។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ បានសម្រេចរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានីភ្នំពេញ។  ជាមួយនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះកងពលតូចលេខ៧០ ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។
លោក ឃួង ស្រេង ថ្លែងថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, មន្ត្រីរាជការទាំងអស់ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងាររបស់យើងកន្លងមក គឺពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
តាមរយៈរបាយការណ៍បង្ហាញថា ជំងឺគ្រុនឈាមបានកើនឡើងគួរឱ្យព្រួយបារម្ភដែលទាមទារឱ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយបន្ទាន់ ពិសេស គឺអនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។
លោក ឃួង ស្រេង បានជំរុញឱ្យមន្ត្រីអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើលមូលដ្ឋានរបស់ខ្លួន ពិសេសចំពោះទីតាំងដែលបង្កលក្ខណៈឱ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ ចំណែកមន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល  ពោលគឺ ធ្វើយ៉ាងណា កុំឱ្យជំងឺគ្រុនឈាមនេះកើនឡើងថែមទៀត។
លោក ងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងផងថា រយ:ពេល ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន ១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ មន្ទីរសុខាភិបាល នឹងបែងចែកក្រុមការងារជា៤ក្រុម ដើម្បីបាញ់ថ្នាំសម្លាប់សត្វមូសក្នុងរាជធានីភ្នំពេញ ដោយដំបូង យើងនឹងបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌចំនួន៤ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ នេះទៅ។
ផែនការបាញ់ថ្នាំសម្លាប់មូសនេះ ជារឿងល្អរបស់មន្ត្រីអាជ្ញាធរ ប៉ុន្តែមហាជនលើកឡើងថា របៀបការងារនេះចង់ជ្រុលពេលបន្តិចទៅហើយ គួរតែធ្វើឱ្យបានទាន់ពេលរដូវសម្រកភ្លាមៗ ឬបញ្ចប់រដូវរងា ព្រោះថា ពេលចាប់ផ្ដើមរដូវសម្រក គឺមូសចាប់ផ្ដើមកកើតច្រើនពេញផ្ទៃលំហតែម្ដង  ៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.