ឧកញ៉ាឈ្មោះ អ៊ាង មើលឃើញកន្ទេលធំបន្លំចូលដេក ចាក់ដីលុបទន្លេពង្រីកដីខ្លួនឯង ឥឡូវបែកការណ៍ អាជ្ញាធរកំពុងមាននីតិវិធី  អាជ្ញាធរខេត្តកំពង់ចាម ចាត់វិធានការបឋមលើលោកឧកញ៉ាឈ្មោះ អ៊ាង ដែលចាក់ថ្មចូលទន្លេមេគង្គ ដើម្បីពង្រីកផ្ទៃដីរបស់ខ្លួន  ខណៈមហាជនស្នើឱ្យចាត់វិធានការតឹងរ៉ឹងតាមច្បាប់ជាធរមាន  ….

ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានចុះទប់ស្កាត់បុគ្គល ឈ្មោះ អ៊ាង (មានងារជាឧកញ៉ាម្នាក់) និងតម្រូវឱ្យកាយថ្មចេញវិញ ក្រោយលួចចាក់ចូលទន្លេមេគង្គ ទទឹងប្រវែងជាង ៥០ម៉ែត្រ និងបណ្ដោយប្រវែងជិត ៣០០០ម៉ែត្រ ដើម្បីពង្រីកផ្ទៃដីប្រុងយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅភូមិព្រែកទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខណៈឃើញកន្ទេលធំ លោកឧកញ៉ាឈ្មោះ អ៊ាង ម្នាក់នេះចង់បន្លំចូលដេក នេះចេះប្រជាពលរដ្ឋបានមើលឃើញ និងផ្សព្វផ្សាយឱ្យផ្ទុះជាព័ត៌មាន សមជាមួយអាជ្ញាធរងាប់ត្រគាកកម្រើកខ្លួនមិនរួចទៀត ផ្ទៃដីទន្លេមេគង្គដ៏ធំនេះ នឹងត្រូវបានគេពង្រីកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួនបាត់ទៅហើយ។
មន្រ្តីអាជ្ញាធរខេត្តកំពង់ចាម បានបញ្ជាក់ថា បុគ្គលឈ្មោះ អ៊ាង រូបនេះ បានចាក់ថ្មលុបចូលទន្លេមេគង្គដើម្បីពង្រីកផ្ទៃដីរបស់ខ្លួននេះ មានរយ:ពេលជាងមួយខែមកហើយ តែមិនបានដឹងដោយសារគាត់បិទបាំងការដ្ឋាននេះជិតឈឹង។ ក្រោយទទួលបានព័ត៌មាន និងឃើញសកម្មភាពនេះពីអ្នកនេសាទ អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្រ្តីជំនាញចាត់ការជាបន្ទាន់ រហូតចុះទៅទប់ស្កាត់ និងបានហៅបុគ្គលនេះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយតម្រូវឱ្យកាយថ្មចេញវិញ។
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីពង្រីកផ្ទៃដីរបស់ខ្លួនដែលមានទីតាំងដូចបានរៀបរាប់ខាងលើនេះ គឺសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងខាងលើនេះ, ភ្លាមៗ រដ្ឋបាលខេត្តកំពង់ចាម បានចាត់តាំង លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មកម្លេះ។
ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ) ប៉ុណ្ណោះ, ហើយសកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។ ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី លោកឧកញ៉ាឈ្មោះអ៊ាង ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចខាងក្រោម ៖
១- បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ,
២- ត្រូវធ្វើការកាយ និងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក,
៣- ភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យតាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង។
រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍មកឱ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណ៏នេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ។ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពង់ចាម កំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។
ចំណែកប្រជាពលរដ្ឋ និងមហាជន បានសំណូមពរដល់អាជ្ញាធរ សូមចាត់វិធានការតឹងរ៉ឹងជាងនេះតាមផ្លូវច្បាប់ជាធរមានអំពីការរំលោភឆ្នេរទន្លេ បឹងបួ ស្ទឹង សមុទ្រ ដើម្បីជាការព្រមានដល់បុគ្គលផ្សេងទៀត មិនត្រឹមតែវិធានការរដ្ឋបាលប៉ុណ្ណេះទេ, ប្រសិនបើគ្មានអ្នកកាសែត និងប្រជាពលរដ្ឋផ្ទុះការតវ៉ា និងផ្សព្វផ្សាយនោះ ម៉្លេះសមលោកឧកញ៉ាឈ្មោះ អ៊ាង ខាងលើនេះ រំលោភចាក់ដីលុបទន្លេពង្រីកផ្ទៃដីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបាត់ទៅហើយ៕កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.