ស្វាគមន៍ឆ្នាំថ្មី ​អគ្គីភ័យបាន​លេបត្របាក់​ផ្ទះលក់គ្រឿង​សង្ហារឹម​អស់៣ខ្នង​នៅខណ្ឌចំការមន​..

 

ភ្នំពេញអគ្គីភ័យ​បានឆាបឆេះ​ផ្ទះប្រជាពលរដ្ឋ​អស់ចំនួន ៣ខ្នង​ទាំងស្រុង​ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​ហៅរថយន្ត​ពន្លត់អគ្គិភ័យ​ចេញជួយអន្តរាគមន៍​បាញ់ទឹកពន្លត់​។ ហេតុការណ៍​គ្រោះអគ្គីភ័យ​ខាងលើនេះ​ បានកើតឡើង​នៅវេលាម៉ោង ១២​និង០០នាទី​ថ្ងៃត្រង់​ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតនៅ​ចំណុចផ្ទះ​លក់គ្រឿងសង្ហារឹម ​តាមបណ្តោយផ្លូវ​ព្រះសុធារស់ កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ​នាយការិយាល័យ​នគរបាល​បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ឲ្យដឹងថា ដោយទទួលបាល​ព័ត៌មាន​ពីប្រជាពលរដ្ឋ​បានរាយការណ៍​មកកាន់លេខ​ទូរស័ព្ទ​បន្ទាន់របស់​ការិយាល័យ ដោយបានបញ្ជាក់ថា មានករណីគ្រោះ​អគ្គីភ័យនៅចំណុច​ស្តុបចំការមន ​ឆេះផ្ទះលក់​គ្រឿងតុទូរ​។ ក្រោយពីទទួល​បានសេចក្តីរាយ​ការណ៍ពីប្រជាពលរដ្ឋ​រួចមក​ លោកបាន​បញ្ជាឲ្យ​ភ្នាក់ងាររថយន្ត​ពន្លត់អគ្គីភ័យ​គ្រប់គោលដៅ​ក្នុងរាជធានីភ្នំពេញ ​ធ្វើការអន្តរាគមន៍​ជាបន្តបន្ទាប់ ​ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​ឲ្យបានទាន់ពេល​វេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ហេតុការណ៍​គ្រោះអគ្គិភ័យ​ខាងលើនេះ​ គឺកម្លាំង​សមត្ថកិច្ច​ជំនាញ​របស់យើង​កំពុងធ្វើការស្រាវជ្រាវ​ ហើយក្នុងនោះ​ធ្វើឲ្យខូចខាតអស់ផ្ទះ​ចំនួន ២ខ្នង​ទាំងស្រុង​ និងឆេះរាលដាល​ដល់ផ្ទះអ្នកជិត​ខាងអស់​ប្រហែល ២០% ​ចំនួន ៣ខ្នង ​ដែលសង់​អំពីថ្ម​បេតុង ទំហំ ៤.២ម៉ែត្រ x ២០ម៉ែត្រ​។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យ បានបញ្ជាក់ថា ដោយប្រតិបត្តិការ​ខាងលើនេះ​ គឺកម្លាំង​សមត្ថកិច្ច​របស់សមត្ថកិច្ច​ជំនាញប្រើប្រាស់​រថយន្តពន្លត់​អគ្គិភ័យរបស់​ការិយាល័យ​ចំនួន ២៣គ្រឿង ​ប្រើប្រាស់ទឹកអស់​ចំនួន ១១៥ឡាន ស្មើនឹង ៤៦០ម៉ែត្រគូប,​ រថយន្តជំនួយអន្តរាគមន៍​មកពី ​៖រថយន្តរបស់​ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង១៦ម៉ែត្រគូប,​ រថយន្ត​របស់កងរាជអាវុធហត្ថ​ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប​, រថយន្ត​ទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ​ប្រើប្រាស់​ទឹកអស់ ៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប,​ រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹក​អស់ ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប,​ រថយន្តទីក្រុង​កោះពេជ្រ​ ចំនួន ៥គ្រឿង ​ប្រើប្រាស់​ទឹកអស់​ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប,​ រថយន្តទីក្រុងកោះនរា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប​ និងរថយន្តស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ​ទើបគ្រប់គ្រងបាន​ទាំងស្រុង​នៅវេលាម៉ោង ២និង៣០​នាទីនាថ្ងៃខែឆ្នាំដដែរ​។ ចំពោះ ករណីអគ្គីភ័យ​ខាងលើនេះ ​មិនបានបណ្តាលឲ្យ​អ្នកណាម្នាក់​រងរបួស ​និងប៉ះពាល់ដល់​អាយុជីវិតឡើយ​៕

Leave a Reply

Your email address will not be published.