នគរបាលឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៩នាក់ពាក់ព័ន្ធករណីធ្វើសកម្មភាពវាយប្លន់ម៉ូតូជនរងគ្រោះពេលយប់ យ៉ាងសកម្ម…!

 

ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន០៩ នាក់ ដែលប្រដាប់ដោយកាំភ្លើង និងដំបងបានធ្វើសកម្មភាពវ៉ៃប្លន់ ម៉ូតូពីជនរងគ្រោះ យ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាពិសេសមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ។

ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ជាវ វិបុល នាយកដ្ឋានព្រហ្មទណ្ឌនៃការិយាល័យកម្រិតធ្ងន់ សហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ជាបន្តបន្ទាប់គ្នា ក្នុងរយះពេល២ថ្ងៃ នារសៀលថ្ងៃទី ២០និងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នេះនៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថាក្រុមជនសង្ស័យមានគ្នាប្រមាណជាង ១០នាក់ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមូលដ្ឋានខណ្ឌជាយៗក្រុង ជាពិសេសមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលបានធ្វើសកម្មភាពវៃប្លន់ ធាក់ប្លន់ ម៉ូតូពីជនរងគ្រោះជាច្រើនករណីបានសម្រេចកន្លងមក។ ក្រោយមានពាក្យបណ្ដឹងពីពលរដ្ឋ នគរបាលជំនាញបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៩នាក់និងដកហូតសម្ភារៈមួយចំនួនរួមមាន ម៉ូតូ៣គ្រឿង កាំភ្លើងខ្លីមួយដើមម៉ាក k៥៩ ។

មន្ត្រីជំនាញបានបន្តឲ្យដឹងថាក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យបានទាំងក្រុមនេះ ពលរដ្ឋមានការសាទរនិងសប្បាយចិត្តព្រោះកន្លងមកមានការភ័យខ្លាចចំពោះក្រុមជនសង្ស័យ ទាំងនេះ ដែលបង្ករភាពភ័យខ្លាច អសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាពិសេសចំពោះកូនៗរបស់ប្រជាពលរដ្ឋដែលធ្វើការនាពេលយប់ហើយត្រឡប់មកផ្ទះវិញ ប្រឈមនឹងរងគ្រោះ ជាមួយក្រុមក្មេងទំនើងទាំងនេះ។

តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ប្រដាប់ដោយអាវុធខ្លីមួយដើម ម៉ាកកា៥៩ ជិះម៉ូតូចំនួន ០៣គ្រឿង ធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវពេលយប់ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ០៣ករណី និងខណ្ឌពោធិ៍សែនជ័យ ០១ករណីបានសម្រេច ពិតប្រាកដមែន។

ក្ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក មុត ដារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ៕

Leave a Reply

Your email address will not be published.