ស្ត្រីម្នាក់ត្រូវក្រុមចោរឆក់កាបូបលុយបានសម្រេចទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ…

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម​បានធ្វើសកម្មភាព​ឆក់យកកាបូបលុយ​ពីស្ត្រីម្នាក់​បានសម្រេច​រួចគេចខ្លួនបាត់​ដោយសុវត្តិភាព ​បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៦ព្រឹក​ ថ្ងៃទី២១ ​ ខែធ្នូ ​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវ​ជាតិលេខ៤ ​ ក្នុងភូមិអង្គ ​ សង្កាត់ចោមចៅទី៣ ​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះឯម ថុន​ ភេទស្រី​អាយុ៣៥ឆ្នាំ​ មុខរបរលក់ដូរ ​ ស្នាក់នៅសង្កាត់កំបូល​ ខណ្ឌកំបូល។ សម្ភារដែលនៅខាងក្នុង​កាបូប​ត្រូវជនសង្ស័យឆក់យកទៅ​នោះមានលុយ​ជិត៧០ម៉ឺនរៀល ​ អត្តសញ្ញាណប័ណ្ណមួយ​។ តាមសម្តី​ជនរងគ្រោះ​បានឱ្យដឹងថា​ មុនពេលកើតហេតុ​រូបគាត់បានជិះម៉ូតូ​ចេញពីផ្ទះ​បំណងទៅ​ទិញអីវ៉ាន់លក់​ ដោយ ក្រវាត់​កាបូបលុយ​​នៅចង្កេះ​ធ្វើដំណើរ​តាមបណ្តោយផ្លូវ​ជាតិលេខ៤​ ក្នុងទិសដៅពីលិច​ទៅកើត ​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែមានជនសង្ស័យ២នាក់​ជិះម៉ូតូហុងដា​មិនចាំស្លាកលេខ​ធ្វើដំណើរ​មកពី​ក្រោយ​​លូកចុចគន្លឹះកាបូប​តែមិនបានសម្រេច​។ជនរងគ្រោះ​បានបន្តទៀតថា ​ បន្ទាប់មករូបគាត់​ក៏បានឈប់ម៉ូតូ​ភ្លាមនោះ​ស្រាប់តែមាន​បក្ខពួក២នាក់ទៀត​មកពីក្រោយ​ឆក់យកកាបូបបាន​សម្រេច​រួចគេច​ខ្លួនបាត់ទៅ​។

ក្រោយកើតហេតុ​ជនរងគ្រោះ​បានមកដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ដើម្បី​ងាយស្រួល​សមត្ថកិច្ចកំណត់មុខសញ្ញា​តាមចាប់យកមក​ដាក់ទោស​តាមច្បាប់​​ ។

 

Leave a Reply

Your email address will not be published.