ចាប់ខ្លួន​ឈ្មួញទិញលក់ដី​ ពីបទឆបោក​ប្រាក់រាប់សិបលានដុល្លារ ​ពីអ្នកឧក​ ញ៉ាម្នាក់ ​រឿងលក់ដីខ្យល់ នៅភ្នំពេញ…!​

 

ភ្នំពេញ ៖ កាលពីរសៀល​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ចាប់ឈ្មួញ​រកស៊ីទិញលក់ដីធ្លី​ម្នាក់​បញ្ជូនទៅតុលាការ​ពាក់ពន្ធករណីឆបោក​ លើទឹកប្រាក់​រាប់សិបលានដុល្លារអាមេរិក ​ពីអ្នកឧកញ៉ាម្នាក់​រឿងលក់ដីខ្យល់ សំណុំរឿង​ត្រូវបានតំណាងអយ្យការ​អមសាលាដំបូង​បើកការស៊ើបសួរ​លើជនសង្ស័យ​ឈ្មោះ ឈន បូរ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរពាណិជ្ជករ(ឈ្មួញរកស៊ីទិញលក់ដីធ្លី)មានទីលំនៅ​ភូមិកោះក្របី​ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ដើមចមនៃការចាប់បញ្ជូនខ្លួន​ឈ្មួញទិញលក់​ដីធ្លីម្នាក់នេះ​ តាមប្រភពព័ត៌មាន​បានបង្ហើបឱ្យដឹងថា ​កាលពី​ពាក់កណ្តាលខែ​សីហា ឆ្នាំ២០២២ មាន អ្នកឧកញ៉ាម្នាក់​បានទៅដាក់ពាក្យបណ្តឹង​នៅសមត្តកិច្ចកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ​ដោយចោទប្រកាន់​មនុស្ស៤នាក់ ថា កាលពីអំឡុង​ឆ្នាំ២០១៤​២០១៥ ​ពួកគេបានឃុបឃិតគ្នា​លក់ដីខ្យល់មួយកន្លែង​ទំហំ៤៦ហិកតា​ ដែលមានទីតាំង​ស្ថិតនៅ​ភូមិព្រែកឡុង៣​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​ ក្នុងតម្លៃ ៧៣.៦០០.០០០​ដុល្លារអាមេរិក​ក្រោយមកឈ្មួញ​ទាំង៤នាក់នោះ​បានលក់ដីមួយកន្លែងទៀត​ឱ្យទៅអ្នកឧកញ៉ាដដែល​ ដែលមានទំហំ​ជិត១០ហិកតា​ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ​ក្នុងតម្លៃ​១៣.៩៣០.០០០ ដុល្លារអាមេរិក ដោយអះអាងថា​ជាដីកម្មសិទ្ធិស្របច្បាប់​របស់ពួកគេ នៅពេល​ទិញលក់ដីធ្លីនោះ​ អ្នកឧកញ៉ាដើមបណ្តឹង​បានប្រគល់ប្រាក់​ជាបន្តបន្ទាប់ ​ឱ្យទៅមនុស្សទាំង៤នាក់នោះ​សរុបចំនួន​ ៦១.១៤៥.០០០ដុល្លារអាមេរិក

ក្រោយពីទទួលបាន​លុយរួចហើយ​ឈ្មួញទាំង៤នាក់​បានអូសបន្លាយពេលវេលា​ពី១ខែទៅ១ខែ ពី១ឆ្នាំទៅ១ឆ្នាំ ​មិនបានធ្វើការចុះបញ្ជី​កម្មសិទ្ធិដីធ្លី​ស្របច្បាប់​ឱ្យទៅអ្នកទិញ​តាមកិច្ចព្រមព្រៀង​ទិញលក់នោះទេ​ និងចេះតែគេចវេះ​មិនជួបជាមួយម្ចាស់ប្រាក់​ទៀតផង ដល់ពេលគេ​តាមស្រាវជ្រាវ​ជាក់ស្តែងទៅ ​ដីនោះជាដីកម្មសិទ្ធិ​របស់ក្រុមហ៊ុនមួយ​បាត់ទៅហើយ ​ពោលគឺ​ជនទុច្ចរិត​ទាំង៤នាក់​នោះឃុបឃិតគ្នា​លក់ដីខ្យល់​

ដោយយោង​ទៅលើពាក្យបណ្តឹង​ ឯកសារពាក់ព័ន្ធ ​និងកិច្ចព្រមព្រៀង​ទិញលក់ដីធ្លី ​ដែលកំណត់បាន​អត្តសញ្ញាណ​ជនទាំង៤នាក់​ពិតជាជនឆបោក​ប្រាកដមែននោះ​ ទើបសមត្តកិច្​ចកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ ក្រោមការចង្អុលបង្ហាញ​ពីលោកឧត្តមសេនីយ៍ឯក​ រ័ត្ន ស៊្រាង មេបញ្ជាការ​រងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ បានឱ្យកម្លាំងជំនាញ(មន្ត្រីនគរបាលយុត្តិធម៌​)បើកការស៊ើបអង្កេត និងស្រាវជ្រាវ​តាមនីតិវិធី ​រហូតឈានដល់​ការឃាត់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួកទាំង៤នាក់​ គឺឈ្មោះ ឈន បូរ៉ា ​ជាឈ្មួញលក់ដីខ្យល់​បានប្រាក់​រាប់សិបលានដុល្លារអាមេរិក​ រួចកសាងសំណុំរឿង​បញ្ជូនទៅតុលាការ​ដើម្បីចាត់តាមផ្លូវច្បាប់​

https://www.facebook.com/srorlauchyoutteakthor

Leave a Reply

Your email address will not be published.