ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីចែក ចាយ និងប្រើប្រាស់គ្រឿងញៀននៅក្រុងព្រះសីហនុ….
ព្រះសីហនុ ៖កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចាប់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចក្រុមទី៧ ភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣នេះ។
តាមកាបញ្ជាក់របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះមាន ទី១៖ឈ្មោះ កាន់ សុវណ្ណារាជ អាយុ៤១ឆ្នាំ និងទី២៖ ឈ្មោះ វណ្ណ ឆៃ អាយុ៣០ឆ្នាំ។ ក្នុងនោះដកហូតបាន ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់, កញ្ចប់រូប Collegen ពណ៌ផ្កាឈូក ចំនួន០៣កញ្ចប់, កាំភ្លើងចំនួន០១ដើម គ្រាប់ចំនួន០២, ទូរស័ព្ទចំនួន០៣គ្រឿង និងម៉ូតូចំនួន០១គ្រឿង។
ហើយ កម្លាំងជំនាញ បានបន្តធ្វើការឆែកឆេរបន្ទប់ជួលជនសង្ស័យឈ្មោះ កាន់ សុវណ្ណារ៉ាជបានរកឃើញគ្រឿងញៀនមួយចំនួនទៀត រួមមាន៖ ម្ស៉ៅក្រាមសថ្លា ចំនួន០៩កញ្ចប់គ្រឿងញៀនប្រភេទគ្រាប់ចំនួន០៥គ្រាប់ និងជញ្ជីងថ្លឹងចំនួន០១។
ក្រោយមកសមត្ថកិច្ចបន្តធ្វើការឆែកឆេរបន្ទប់ជួលជនសង្ស័យឈ្មោះ វណ្ណ ឆៃ បានរកឃើញគ្រឿងញៀនមួយចំនួនទៀត ដូចជា ម្ស៉ៅក្រាមសថ្លាចំនួន០២កញ្ចប់,គ្រឿងញៀនប្រភេទគ្រាប់ចំនួន៦គ្រាប់, គ្រាប់អាវុធខ្លីចំនួន០៧គ្រាប់ និងជញ្ជីងថ្លឹងចំនួន០១។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ
និងចាត់ការតាមនីតិវិធី៕













