រថយន្តម៉ាកសាំយ៉ុង១៥កៅអី ពណ៌ស ដឹកអ្នកដំណើរមួយគ្រឿង ត្រូវ អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ មនុស្ស១០នាក់ជិះក្នុងរថយន្តភ័យព្រលឹងចុងសក់…
ខេត្តកំពត ៖ មានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងអ្នកលក់ដូរ តាមផ្លូវ កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ មានហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តម៉ាកសាំយ៉ុង១៥កៅអី ពណ៌ស ដឹកអ្នកដំណើរមួយគ្រឿងខណៈពេលដែលកំពុងតែបើកបរសុខៗនៅលើផ្លូវជាតិលេខ ៣ ចំណុចខាងជើងប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ចម្ងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយមិនដឹងមូលហេតុ។បើតាមបុរសជាតៃកុងរថយន្ថឈ្មោះ លោក ទ្រី ឌីម៉ង់ អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកកក់ ឃុំបឹងដែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឲ្យដឹងថា រថយន្តរបស់លោកដឹកអ្នកដំណើរចំនួន១០នាក់ ក្នុងនោះស្រី៦នាក់ និងប្រុស៤នាក់ មកពីខេត្តកំពង់ចាម ដើម្បីមកលេងកម្សាន្តនៅក្នុងខេត្តកំពត។ ហើយយប់មិញនេះ ភ្ញៀវទាំងអស់បានសម្រាកនៅក្រុងកំពតមួយយប់រួចហើយ ដោយព្រឹកនេះចេញដំណើរទៅលេងកម្សាន្តនៅរមណីដ្ឋានភ្នំបូកគោ ខណៈទើបចេញដំណើរមកដល់ចំណុចខាងលើ ក៏ជួបហេតុការដ៏អាក្រក់នេះតែម្តង។ហើយគាត់បន្តទៀតថា រថយន្តរបស់គាត់មិនដែលមានបញ្ហាអ្វីសោះនាពេលកន្លងមក ប៉ុន្តែមិនដឹងជាចៃដន្យអី ពេលនេះមកជួបបញ្ហាបែបនេះទៅវិញ។ ប៉ុន្តែក្នុងហេតុការណ៍អគ្គិភយ័ឆាបឆេះនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរណាម្នាក់ទេ គ្រាន់តែខូចខាតសម្ភារៈប្រើប្រាស់ ដូចជា ខោអាវ គ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា ចង្ក្រានហ្គាស,កំប៉ុងហ្គាសឆេះអស់គ្មានសល់ និងអ្នកជិះម្នាក់ៗយកបានតែកាបូបលុយស្ពាយជាប់តាមខ្លួនតែប៉ុណ្ណោះ។កម្លាំងសមត្ថកិច្ចខាងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ពេលហេតុការណ៍កើតឡើង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានរាយការណ៍មកកម្លាំងរថយន្តពន្លត់អគ្គិភ័យស្នងការខេត្តចំនួន២គ្រឿងចេញមកអន្តរាគមន៍ពន្លត់ភ្លាមៗ ប៉ុន្តែជាអកុសលរថយន្តរងគ្រោះខាងលើ ត្រូវអណ្ដាតភ្លើងឆាបឆេះតែមួយប៉ប្រិចភ្នែកឆេះនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។ ហើយបើតាមការពិនិត្យឃើញជាក់ស្តែង អីវ៉ាន់របស់អ្នកដំណើរដែលដាក់ក្នុងរថយន្ត សុទ្ធតែជាសម្ភារៈងាយឆាបឆេះមានដូចជា កំប៉ុងហ្គាសជាដើម។
សមត្ថកិច្ចបន្តថា រថយន្តរងគ្រោះខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្ត ស្ទូចមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ទុកឲ្យម្ចាស់យកទៅជួសជុល ឬថ្លឹងលក់ឲ្យអេតចាយនៅពេលក្រោយបន្តទៀត៕













