នគរបាកខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនបាន២នាក់. ដែលបានធ្វេីសកម្មភាពគាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ…
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៣ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ (គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៥០នាទី ត្រង់ចំណុចផ្ទះលេខA១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ នាពេលកន្លងទៅ ។
ជនរងគ្រោះឈ្មោះ រស់ សុវណ្ណរាជ្យ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីរាជការ ទីលំនៅផ្ទះលេខ A១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ចំណែកជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី០១ឈ្មោះ ព្រឿង ម៉ារ៉ូត ហៅ នុត ភេទប្រុស អាយុ២៣ឆ្នាំ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ និងទី០២ឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះ បានបើកម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿងម៉ាក THAICO ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IV-3555 ចេញពីផ្ទះ ដើម្បីដឹកអីវ៉ាន់ឱ្យភ្ញៀវនៅបុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានបិទទ្វារនិងចាក់សោរផ្ទះត្រឹមត្រូវ
រហូតដល់វេលាម៉ោង១៦និង៥០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ចាក់សោរទ្វារចូលក្នុងផ្ទះស្រាប់តែឃើញសម្ភារៈដែលនៅក្នុងផ្ទះមានសភាពរាយប៉ាយ និងបាត់ទ្រព្យសម្បត្តិមាន ៖ ១/ធុងបាស់ម៉ាកJBL ពណ៌ខ្មៅ ចំនួន០១គ្រឿង ២/ទូរស័ព្ទដៃម៉ាកOPPO A9 ពណ៌ស្វាយចំនួន០១គ្រឿង ៣/ម៉ាស៊ីនស្កែនពណ៌ខ្មៅចំនួន០១គ្រឿង ហើយជនរងគ្រោះក៏បានដើរទៅក្រោយផ្ទះបានឃើញចម្រឹងបង្អួចត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណគាស់បាក់អស់ចំនួន០១ រួចជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។
បន្ទាប់មក សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ប្រមូលយកវត្ថុតាង ដំបងឬស្សីមូលប្រវែង៨៥សង់ទីម៉ែត្រចំនួន០១ និងឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅជុំវិញផ្ទះរបស់ជនរងគ្រោះ កំណត់បានអត្តសញ្ញាណជនសង្ស័យ ដែលធ្វើសកម្មភាពខាងលើ។
លុះដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ដែលជាអ្នកធ្វើសកម្មភាពខាងលើចំនួន០២នាក់ រួមនិងវត្ថុតាងរបស់ជនរងគ្រោះនៅត្រង់ចំណុចទីលានចាក់សំរាមស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ដោយឡែកវត្ថុតាងចាប់យក៖ ១/ធុងបាស់ម៉ាកJBL ពណ៌ខ្មៅ ចំនួន០១, ២/ម៉ាស៊ីនស្កែនពណ៌ខ្មៅ ចំនួន០១គ្រឿង, ៣/ដំបងឬស្សីមូលប្រវែង៨៥សង់ទីម៉ែត្រចំនួន០១។
ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ ពិតជាបានធ្វើសកម្មភាពប្រើដំបងឬស្សីមូលប្រវែង៨៥សង់ទីម៉ែត្រគាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន នេះ ជនសង្ស័យទាំង២នាក់ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់៕












