ផ្ទុះអាវុធមួយគ្រាប់នៅរោងលក់ទឹកត្នោតជូរផ្អើលរត់ចែកជើងគ្នាព្រាត…
ភ្នំពេញ-ខ្មាន់កាំភ្លើងដែលអួតថាពួកគេជាប៉ូលិសប្រដាប់ដោយកាំភ្លើងខ្លី បានដកកាំភ្លើងបាញ់សំដៅមេឃមួយគ្រាប់បង្កឲ្យមានការភ្ញាក់នៅរោងលក់ត្នោតជូរមួយកន្លែងស្ថិតនៅម្តុំមាត់ប្រឡាយ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣។
តាមការរៀបរាប់ពីស្ត្រីម្ចាស់ហាងទឹកត្នោតជូរខាងលើបានឲ្យដឹងថា មុនពេលកើតហេតុមានបុរស៤នាក់ ជិះម៉ូតូ៣គ្រឿង បានចូលមកកម្មង់ទិញស្រាបៀរអាន់ឆ័រចំនួន១កេស បាននាំគ្នាអង្គុយផឹកស៊ីនៅរោងលក់ទឹកត្នោតជូររបស់ គាត់. ខណ:ពេលដែលពួកគេផឹកបណ្តើរដកកាំភ្លើងសំញ៉ែងអ្នកលក់បណ្តើរ ដោយអួតអះអាងថា ពួកគេជាប៉ូលិស ក្រោយពេលផឹកស្រាបៀរអស់ចំនួន១កេសហើយនាំគ្នាគិតលុយឲ្យម្ចាស់ហាងលក់ទឹកត្នោតជូររួចរាល់ហើយ ក៏នាំគ្នាឡើងជិះម៉ូតូរៀងៗខ្លួន ហើយបានស្រែកប្រាប់អ្នកលក់ត្នោតជូរថា ពួកគេសុំបាញ់មួយគ្រាប់កាត់សាញ មុននិងជិះម៉ូតូត្រលប់ចេញទៅវិញ មានបុរសម្នាក់ក្នុងចំណោមបក្ខពួកទាំង៤នាក់ខាងលើបានដកកាំភ្លើងខ្លីមិនចាំម៉ាកបាញ់ឡើងលើមួយគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច បន្ទាប់ពីធ្វើការបាញ់បោះដោយសេរីរួចរាល់ហើយនោះពួកគេបានចុះរើសសំបកគ្រាប់ដែលបាញ់រួចដាក់ក្នុងហោប៉ាវហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌពោធិសែនជ័យបានចុះទៅដល់ទីតាំងកើតហេតុខាងលើដើម្បីសាកសួរម្ចាស់ហាងនិងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ និងបាននាំនារីឡង់សេទឹកត្នោតជូរចំនួន២នាក់យកទៅធ្វើការសាកសួនិងបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាខ្មាន់កាំភ្លើងខាងលើយកមកចាត់ការតាមផ្លូវច្បាប់៕












