កាត់ទោសបុរសជនជាតិចិនតៃវ៉ាន់៤នាក់លួចផលិតគ្រឿងញៀនច្រើនតោននៅកំពង់ស្ពឺ…
ភ្នំពេញ ៖ បុរសជនជាតិចិនតៃវ៉ាន់៤នាក់ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរោងចក្រកែឆ្នៃផលិតគ្រឿងញៀនដ៏សម្បើមមួយនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោសនាថ្ងៃទី ០៩ខែមិនា ឆ្នាំ២០២៣នេះ ។
អង្គសវនាការដែលដឹកនាំដោយលោក សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ និងលោក ទី មុនិន្ទ ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់បុរសជនជាតិចិនទាំង៤នាក់ពីបទ កែឆ្នៃ ផលិត និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ តាមមាត្រា ៣៩ មាត្រា៤០ នៃច្បាប់ស្ដីពី ការត្រួតពីនិត្យគ្រឿងញៀន ។
ជនត្រូវចោទទាំង៤នាក់ដែលតុលាការកាត់ទោសនេះមានឈ្មោះ ៖ ១/ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ ជាមេការធំ ។
ទី ២/ ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស)
ទី ៣/ ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស)
ទី៤/ ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកបច្ចេកទេស)។
នៅក្នុងសវនាការពួកគេទាំង៤នាក់បានឆ្លើយសារភាពត្រឹមតែមកសុីឈ្នួលគេលាយសារធាតុគីមីប៉ុណ្ណោះ ហើយបដិសេធថាមិនមែនជាម្ចាស់គ្រឿងញៀនទាំងនោះទេ ។
យ៉ាងហោចណាស់មានគ្រឿងញៀនដែលផលិតរួចទំងន់ ១ ៤០០ គីឡូក្រាម និងសារធាតុគីមីផ្សំ ១១តោន ។
លោកចៅក្រម សុង ប៊ុណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះបានប្រកាស
បិទសវនាការនៅម៉ោង១១និង៣០នាទី ចំពោះការប្រកាសសាលក្រម នឹង
ជូនដំណឹងពេលក្រោយ ។
គួររំលឹកថាសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀននិងនាយកដ្ឋានកណ្ដាលសន្តិសុខបានស្រាវជ្រាវ អស់រយៈពេលជាង ០២ខែរួចមក ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី សមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀន នៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់។
ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ចំណុចទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយដកហូតបានរួមមាន៖ ម៉ាស៊ីន ឧបករណ៍សម្ភារសម្រាប់កែច្នៃ ផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ 40គីឡូ ៥១.៧ក្រាម, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម និងជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ បញ្ជូនមកតុលាការឃុំខ្លួនមកដល់ថ្ងៃកាត់ទោសនេះ ៕ ប្រភព (មករា )













