កំពង់ផែពហុបំណងដ៏ទំនើប និងមណ្ឌលភ័ស្ដុភារកម្ម លើទឹកដីទន្លេសាប នឹងដាក់ឲ្យដំណើរការឆាប់ៗនេះ…
បើតាម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ថា កំពង់ផែពហុបំណងដ៏ធំ និងទំនើប ព្រមទាំងមណ្ឌលភ័ស្ដុភារកម្ម ដែលសាងសង់ដោយក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd នឹងត្រូវដាក់ឲ្យដំណើរការខាងមុខឆាប់ៗនេះ ព្រោះបច្ចុប្បន្នសំណង់ដ៏មានសក្ដានុពលមួយនេះសាងសង់ជិតរួចរាល់ហើយ។
កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភាកម្មនេះ ត្រូវបានសាងសង់ឡើងនៅលើដីទំហំ ១០០ហិកតា ស្ថិតនៅតំបន់ភ្នំទេពី ក្នុងភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង។ កំពង់ផែនេះ នឹងសាងសង់រួចរាល់ ដាក់ឱ្យប្រើប្រាស់ធ្វើអាជីវកម្មដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារ នៅដើម ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។
គម្រោងនេះ ត្រូវបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា STM (Smart Truck Monitoring System) សម្រាប់គ្រប់គ្រង ការដឹកជញ្ជូនចេញចូលមកពីគ្រប់ច្រកល្ហក, បំពាក់កាមេរ៉ាត្រួតពិនិត្យរថយន្ដដោយស្វ័យប្រវត្តិ និងស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូន។ ប្រព័ន្ធ STM នេះ នឹងជួយជំរុញការតាមដានគ្រប់គ្រងប្រតិបត្តិការ និងការគ្រប់គ្រងសកម្មភាពដឹកជញ្ជូនយ៉ាងមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំងនេះ ឱ្យស្របតាមបទដ្ឋានច្បាប់ និងអាចដំណើរការបានឆាប់រហ័ស ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕













