សម្ដេចតេជោ ហ៊ុន សែន តម្រូវឱ្យបដិមាករ សាងសង់ពុទ្ធបដិមា ឬរូបសំណាកផ្សេងៗឱ្យត្រូវត្រងត្រាប់រចនាបទ….

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងណែនាំឲ្យយកចិត្តទុកដាក់ លើការសាងសង់ព្រះបដិមា ឬរូបសំណាកផ្សេងៗ ត្រូវសង់ឲ្យត្រូវទៅតាមរចនាបទ។ ការណែនាំបែបនេះធ្វើឡើងក្នុងពេលសម្ដេចអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យ គ្រប់ទម្រង់ ជិត៤ពាន់ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទាក់ទិនជាមួយនឹងព្រះបដិមា អីជាដើម ឬក៏រូបសំណាក ពេលអភិសេកហើយ អត់មាននរណាទៅប៉ះពាល់បានទេ អញ្ចឹងរូបនេះរក្សាបាន ១០០ ទៅ ២០០ឆ្នាំ លើកលែងតែអាពតទេ ដែលវាវាយចោលនោះ ក្រៅពីនោះអត់មានរណាហ៊ានទៅវាយទេ។ អញ្ចឹងស្នើឲ្យក្រសួងយកចិត្តទុកដាក់ទៅលើបញ្ហានេះ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខ្ញុំបានសម្រេចរួចហើយ ក្នុងចំណោមសិស្ស ១លាន៥សែននាក់ ដែលត្រូវទទួលនូវការបណ្តុះបណ្តាល គឺទុក២ទៅ៤ភាគរយ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្តុះបណ្តាលជំនាញស្ដីពីមរតកដូនតា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចភ័យបំផុតការបាត់បង់នូវមរតកវប្បធម៌របស់ខ្មែរ ព្រោះតែការចម្រើនលូតលាស់នៃបច្ចេកវិទ្យាទំនើប, ដូចជា ជាក់ស្ដែង ព្រះពុទ្ធបដិមានៅវត្តវាំងចាស់ ត្រូវបានបដិមាករសាងសង់មិនត្រូវតាមរចនាបទនោះទេ៕

Leave a Reply

Your email address will not be published.