ក្រសួងការពារជាតិ តៃវ៉ាន់ លើកឡើងថា យន្តហោះចម្បាំងរបស់ចិន ១៩គ្រឿង បានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន….

 

បើតាមសារព័ត៌មាន AFP បានចុះផ្សាយ កាលពីថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ដោយលើកឡើងពី ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្តហោះចម្បាំង J-10 ចំនួន ១៩គ្រឿង បានហោះហើរចូលទៅក្នុងផ្នែកភាគនិរតី នៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ បើទោះបីជាវាស្ថិតនៅជិតឆ្នេរសមុទ្រចិនក៏ដោយ ប៉ុន្តែជាដែនកោះតៃវ៉ាន់។

ករណីនេះ កងកម្លាំងតៃវ៉ាន់ បានតាមដានសកម្មភាពយ៉ាងជាប់លាប់ រួមទាំងការបញ្ជូនយន្តហោះទ័ពអាកាស ដែលជាធម្មតាធ្លាប់ប្រើប្រាស់ ដើម្បីឆ្លើយតបចំពោះសកម្មភាពរបស់យន្តហោះចិនបែបនេះជារឿយៗ។

យ៉ាងនេះក្តី ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា យន្តហោះចម្បាំងចិនទាំងនេះ មិនបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល (median) ដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់នោះទេ ហើយយន្តហោះរបស់ ចិន គ្រាន់តែហោះហើរនៅក្នុងតំបន់ ADIZ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ADIZ គឺជាតំបន់ដ៏ទូលំទូលាយដែលតៃវ៉ាន់ត្រួតពិនិត្យ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ។ ជារឿយៗប្រទេសចិន និយាយថា សកម្មភាពរបស់ខ្លួន នៅក្នុងតំបន់នេះ គឺជារឿងសមស្រប ដោយការព្យាយាមការពារបូរណភាពទឹកដី៕

Leave a Reply

Your email address will not be published.