សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រប់គ្នាអប់រំសព្វផ្សាយ ធ្វើអនាម័យ និងបរិស្ថានទាំងទីក្រុង និងជនបទ…
ពេលធ្វើជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១១ នារសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរស់នៅប្រកបដោយអនាម័យ មិនត្រឹមតែធ្វើឱ្យមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏បានជួយឱ្យសុខភាពពលរដ្ឋល្អផងដែរ ដូច្នេះគ្រប់មន្ត្រីតូចធំ មន្ត្រីមូលដ្ឋាន ទាំងទីក្រុង និងទីប្រជុំជន ជនបទ ត្រូវតែចូលរួមធ្វើអនាម័យ និងបរិស្ថាន។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាបានខិតខំធ្វើច្រើនណាស់ទៅលើយុទ្ធនាការនានា សម្រាប់អនាម័យរបស់ប្រជាជន, យើងបានមើលឃើញរួចទៅហើយ ពីទិដ្ឋភាពទាំងឡាយដែលកម្ពុជាមានកាលពីពេលមុននោះ ទាក់ទងនឹងប្លាស្ទិកហោះតាមខ្យល់ អីឡូវនេះនៅតាមបណ្តាទីក្រុង ទីប្រជុំជន បានកាត់បន្ថយច្រើនណាស់ រឿងសំរាមអារាត់អារាយ និងប្លាស្ទិកហោះហើរនេះ ព្រោះយើងបានប្រឡងប្រណាំងពីក្រុងស្អាត និងត្រូវការទាក់ទាញទេសចរណ៍។
សម្តេចតេជោនាយករដ្ឋមន្ត្រីមបានគូសបញ្ជាក់ថា យើងនៅសេសសល់បញ្ហាមួយចំនួនក្នុងចំណោមប្រជាជនរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ការអប់រំ នោះគឺ អនាម័យ និងបរិស្ថាននៅលើទឹកដីរបស់ពួកគាត់ ហើយអ្វីៗដែលជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម ហើយអ្នកណាក៏ដោយ គឺត្រូវចូលរួម តាំងពីប្រជាជនធម្មតា រហូតដល់អ្នកមុខ អ្នកការ មន្ត្រីជាន់ខ្ពស់ ដែលត្រូវតែចូលរួមទាំងអស់គ្នា ហើយមិនមែនគ្រាន់តែអ្នកទីក្រុងប៉ុណ្ណោះទេ អ្នកជនបទក៏ត្រូវតែជំរុញរួមគ្នាធ្វើអនាម័យនេះឱ្យបានល្អប្រសើរ ព្រោះវាមិនត្រឹមតែទាក់ទាញផ្នែកទេសចរណ៍ប៉ុណ្ណឹងទេ ក៏ប៉ុន្តែ វាបានទាក់ទងនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាតទាំងអស់គ្នា , អ៊ីចឹង មិនចាំបាច់ប្រកាន់មន្ត្រីធំ ធ្វើឫករាងខ្ពស់ មន្ត្រីតូចចាំតែបម្រើ ឬចាំតែធ្វើនោះទេ គឺត្រូវធ្វើទាំងអស់គ្នា រឿងអនាម័យ និងបរិស្ថាននេះ៕












