សម្ដេចតេជោ ហ៊ុន សែន រំពឹងថា នៅពេលប្រទេសកម្ពុជាចាកចេញពីការអភិវឌ្ឍន៍តិចតួច សម្ដេចនៅតែសុំដៃគូអភិវឌ្ឍន៍ ផ្តល់កម្ចីអត្រាការប្រាក់សម្បទានដដែល
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅពេលមិនយូរទៀតទេ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយការចាកចេញនេះនឹងអាចបាត់បង់ការទទួលបានអត្រាការប្រាក់សម្បទាន (ការប្រាក់អនុគ្រោះ) នៃកម្ចីពីដៃគូអភិវឌ្ឍន៍ ប៉ុន្តែកម្ពុជានឹងបន្តស្នើឱ្យមានការអនុគ្រោះបន្តទៀត ខណ:កម្ពុជាត្រូវការប្រាក់កម្ចីពីដៃគូអភិវឌ្ឍន៍ ដើម្បីយកមកសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធធារាសាស្ត្រ ជាដើម សំដៅជួយជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ។
ការបញ្ជាក់បែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនជាយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច, ហើយខ្ញុំកំពុងបារម្ភទៅវិញទេ ព្រោះថា កាលណាយើងចាកចេញពីប្រទេសដែលអភិវឌ្ឍន៍តិចតួច ពេលយើងទៅខ្ចីលុយគេ គេលែងឲ្យយើងខ្ចីក្នុងអត្រាការប្រាក់សម្បទានទៀតហើយ, គេឲ្យយើងខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម ព្រោះបើយើងក្រ គឺគេឲ្យអត្រាការប្រាក់សម្បទាន, អ៊ីចឹង មុនកម្ពុជាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខ្ញុំបានប្រាប់គេរួចហើយ ថា ខ្ញុំនៅតែសុំគេឱ្យផ្តល់ការអនុគ្រោះឲ្យយើង អំពីបញ្ហាអត្រាការប្រាក់សម្បទាន។ ខ្ញុំនិយាយជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង ជាមួយចិន ជាមួយធនាគារអភិវឌ្ឍន៍អាស៉ី ថា សុំឲ្យបន្តនូវការផ្តល់អត្រាការប្រាក់សម្បទានដដែលទៅ ឥឡូវនៅពេលខាងមុខមិនយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច, អីចឹងទេ យើងនៅតែអំពាវនាវដៃគូរបស់យើង សូមឱ្យផ្តល់កម្ចីអត្រាការប្រាក់សម្បទានតទៅទៀត ព្រោះការប្រាក់ធ្ងន់យកមករកស៊ីអត់ចំណេញ៕














