ឯកឧត្តម គន់ គីម បញ្ជាក់ថា ការបំពាក់ឧបករណ៍សម្ភារៈ បច្ចេកទេស ជូនបញ្ជាការដ្ឋានទ័ពពិសេស គឺជា ការពង្រឹងសមត្ថភាព…
ឯកឧត្តមកិត្តិ សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសង្រ្គោះលើផ្ទៃទឹក ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានទ័ពពិសេស។
ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស មានប្រសាសន៍ថ្លែងអរគុណចំពោះ ឯកឧត្តម កិត្តិសង្ហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការរបស់សម្តេច លើសមរភូមិសង្គោះគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់គិតគូរ និងបានផ្តល់សំភារៈសង្រ្គោះ ដល់បញ្ជាការដ្ឋានជារៀងរហូតមក។
ការជួយឧត្ថម្ភដល់បញ្ជាការដា្ឋនទ័ពពិសេស នាពេលនេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូបការៈ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រៀមបង្ការ សង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។
ចំណែក ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានវាយតំលៃខ្ពស់ និងកោតសសើរ ដល់បញ្ជាការដ្ធានទ័ពពិសេស ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ នាពេលកន្លងមក៕












