លោក ចូ បៃដិន លើកឡើងថា រុស្ស៊ី ផ្អាកការចូលរួមសន្ធិសញ្ញានុយក្លេអ៊ែរ New START មែន, ប៉ុន្តែមិនប្រើអាវុធនុយក្លេអ៊ែរនោះទេ…

 

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានរិះគន់រុស្ស៉ីសម្រាប់ការសម្រេចចិត្តផ្អាកការចូលរួមរបស់ខ្លួន ក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START ប៉ុន្តែ បាននិយាយថា មិនមានសញ្ញាណាមួយបង្ហាញថា ទីក្រុងមូស្គូកំពុងពិចារណា ឬក៏អាចនឹងប្រើអាវុធនុយក្លេអ៊ែរនោះទេ។

ការកត់សម្គាល់របស់ លោក ចូ បៃដិន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News នៅក្នុងប្រទេសប៉ូឡូញ នៅមុនជំនួបជាមួយប្រមុខអង្គការ NATO និងមេដឹកនាំ នៃបណ្ដាប្រទេសអឺរ៉ុបខាងកើតក្នុងទីក្រុងវ៉ាសូវី។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការសម្រេចចិត្តបែបនេះគឺជាកំហុសមួយដ៏ធំ និងគ្មានការទទួលខុសត្រួវទាល់តែសោះ… ប៉ុន្តែ ខ្ញុំមិនជឿនោះទេថាលោក (លោក ពូទីន) កំពុងពិចារណាប្រើអាវុធនុយក្លេអ៊ែរ…»។ លោកបន្តថាលោកផ្ទាល់មានទំនុកចិត្តថាអាចនឹងរកច្រកចេញបាន តែមិនបានបញ្ជាក់អ្វីលម្អិត នោះទេ។

គួរបញ្ជាក់ថា លោក ពូទីន កាលពីថ្ងៃអង្គារកន្លងទៅ បានប្រកាសផ្អាកការចូលរួមរបស់រុស្ស៉ី នៅក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរតែមួយគត់ ដែលនៅសេសសល់រវាងមហាអំណាចទំាង២។ សន្ធិសញ្ញានេះនឹងត្រូវអស់សុពលភាពនៅថ្ងៃកុម្ភៈ ឆ្នាំ២០២៦ ហើយបើតាមមន្ត្រីរុស្ស៉ី ការសម្រេចចិត្តយ៉ាងណា ឬក៏ថាតើរុស្ស៉ី នឹងត្រឡប់មកចូលរួមក្នុងសន្ធិសញ្ញានេះឡើងវិញឬក៏យ៉ាងណា គឺអាស្រ័យទៅលើលោក ពូទីន៕

Leave a Reply

Your email address will not be published.