សម្ដេចតេជោ ហ៊ុន សែន គិតចេះតែឆ្ងល់ ក្រុមប្រឆាំងក្នុង និងក្រៅប្រទេស ថា សម្ដេចល្ងង់ ប៉ុន្តែយកឈ្នះសម្ដេចមិនបាន ?!

 

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមាណជាង ៧ពាន់នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្តេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើន ក្នុងនោះមានទាំងក្នុងប្រទេស និងក្រៅប្រទេស, ប៉ុន្តែក្រុមប្រឆាំងទាំងក្នុង និងក្រៅប្រទេសតែងតែនិយាយតិះដៀលថា សម្ដេចល្ងង់, ហើយបើសម្ដេចល្ងង់ដូចក្រុមប្រឆាំងថាមែននោះ ប្រទេសជាតិមិនមានសន្តិភាព និងការអភិវឌ្ឍនោះឡើយ, ហើយហេតុម៉េច បានជាក្រុមប្រឆាំងយកឈ្នះសម្តេចមិនបាន បើសម្ដេចល្ងង់មែននោះ?!

ទាក់ទងទៅនឹងក្រុមប្រឆាំងថា សម្ដេចល្ងង់, ទាក់ទងទៅនឹងចំណេះដឹង, និងទាក់ទងទៅនឹងសញ្ញាបត្រកិត្តិយសដែលសម្ដេចទទួលបាន, គឺសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជាយើង ខ្ញុំទើបតែទទួលបានសញ្ញាបត្រកិត្តិយស ២តែប៉ុណ្ណោះ, មួយនៅសាកលវិទ្យាល័យកម្ពុជា និងមួយទៀតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

រឿងទទួលសញ្ញាបត្រកិត្តិយសនេះ មិនមែនបានសេចក្តីថា សាកលវិទ្យាល័យណាក៏ខ្ញុំទទួលនោះទេ, សូម្បីតែសាកលវិទ្យាល័យនៅក្រៅប្រទេស ដែលផ្តល់ឲ្យខ្ញុំ កន្លែងខ្លះខ្ញុំទទួល កន្លែងខ្លះខ្ញុំអត់ទទួលទេ, ចំណែកសាកលវិទ្យាល័យ ដែលខ្ញុំព្រមទទួលហើយ ប៉ុន្តែមិនទាន់មានឱកាសទៅយក គឺសាកលវិទ្យាល័យកូរ៉េ។

បណ្ឌិតកិត្តិយសខ្ញុំមានច្រើន ប៉ុន្តែនៅពេលខ្ញុំនិយាយ គេវាយប្រហារខ្ញុំទៀតថា ជាមនុស្សភ្លើ ជាមនុស្សល្ងង់, ប៉ុន្តែខ្ញុំចេះតែសួរខ្លួនឯងថា ចុះពួកហ្នឹង វាមានសមត្ថភាពយ៉ាងម៉េចបើវាយកឈ្នះអាល្ងង់មិនបានផង?!

និយាយតាមមួយបែបថា អ្នកឯងចោទថាខ្ញុំល្ងង់ ហើយចុងបំផុតអ្នកឯងចាញ់មនុស្សល្ងង់ គឺវាជាការអន់ថយខ្លាំងណាស់។ បើចាត់ទុកថា ខ្ញុំជាមនុស្សឆ្លាតម្នាក់ បានជាមិនអាចយកឈ្នះខ្ញុំបាន ដូចជាសមរម្យបន្តិច៕

Leave a Reply

Your email address will not be published.