អភិបាលរាជធានីភ្នំពេញ ប្រាប់ដល់មន្ត្រីអាជ្ញាធរមូលដ្ឋានថា មិនត្រូវយកលុយ និងប្រមាថមាក់ងាយអាជីវករលក់ដូរតូចតាចកញ្ច្រែងល្អី នៅតាមផ្សាររដ្ឋឡើយ…
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក-ភ្លើង នៅតាមផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ (១៤ខណ្ឌ) នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញ ដោយមិនត្រូវមានការយកលុយពីបងប្អូនអាជីវករ លក់ដូរតាមកញ្ច្រែងល្អី ឡើយ រួមទាំងត្រូវបញ្ចុះតម្លៃទឹកភ្លើង នៅតាមទីផ្សារនានា នៅក្នុងរាជរាជធានីភ្នំពេញទៀតផង អនុវត្តទៅតាមការកំណត់របស់រាជរដ្ឋាភិបាល។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ពិសេសប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងគុណភាពបន្លែ ត្រីសាច់ ទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ទាំងអ្នកលក់ដូរតាមតូប និងអ្នកលក់ដូរតាមកញ្ជ្រែងជាដើម ពោលគឺនៅពេលពួកគាត់មានបញ្ហាលំបាកអ្វីមួយ យើងត្រូវជួយពួកគាត់ ដោយមិនត្រូវទុកពួកគាត់ណាម្នាក់ស្លាប់ ដោយការអត់បាយនោះទេ។
ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារទាំងអស់ ដាច់ខាតមិនត្រូវប្រើកម្លាំងបាយជាមួយបងប្អូន អាជីវករនោះទេ ប៉ុន្តែជុំវិញផ្សារត្រូវតែស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។ បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ត្រូវបានយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល ហើយកន្លងមក យើងក៏ធ្លាប់បានប្រគល់អំណោយជូនពួកគាត់ជារឿយៗថែមទៀតផង។ គ្មានរឿងអីដែលយើង ត្រូវជេរប្រមាថពួកគាត់នោះទេ តែត្រូវប្រើប្រាស់ពាក្យសំដី ឲ្យបានសមរម្យជាមួយពួកគាត់ ព្រោះពួកគាត់ក៏ជាប្រជាពលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន ដែរ៕













