សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រតិបត្តិករជាតិ-អន្តរជាតិ ចូលរួមខ្លាំងក្លាថែមទៀតផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន …
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ដោយលើកបង្ហាញអំពីសារៈសំខាន់បួនចំណុច ÷
១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលា នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលាយតាមវិទ្យុ ទូរទស្សន៍ បណ្ដាញសង្គមផ្ទាំងប៉ាណូ និងខិត្តប័ណ្ណ។
២- អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរងផលប៉ះពាល់និងឥរិយាបថរបស់ជនងាយរងគ្រោះ។
៣- ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារគ្រឿងផ្ទុះទាំងនេះ។
៤- អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍគួរបន្តស្រាវជ្រាវវិធីសាស្តកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ“កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»៕













