អាសូរណាស់! ម្ចាស់រវល់ចេញទៅធ្វើការពេលត្រឡប់មកវិញស្រាប់តែឃើញផ្ទះរបស់ខ្លួនបាក់ដីលិចចូលទឹកជាងពាក់កណ្តាល…
ភ្នំពេញ: ផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារដែលសាងសង់ជាប់និងមាត់ស្រះបបានបាក់ដីច្រាំងលិចចូលក្នុងស្រះជាងពាក់កណ្តាលទើបម្ចាស់ដឹងរាយការណ៍ទៅអាជ្ញាធរចុះជួយអន្តរាគមន៍។
ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីបេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលំជាប់មាត់ស្រះ ក្នុងភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ ពៅ ចន្ទី អាយុ៤១ឆ្នាំ មុខរបរកម្មករ និងមានប្រពន្ឌឈ្មោះ អេង ភ័ណ្ឌ ៤៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ កូនក្នុងបន្ទុក៣នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់ផ្ទះបានចេញទៅធ្វើការចំណែកកូនៗចេញទៅរៀនអស់ រហូតមកដល់ម៉ោងកើតហេតុដោយទទួលដំណឹងថាផ្ទះរបស់ខ្លួនបានបាក់បណ្តាលធ្លាក់ចូលទៅក្នុងទឹកទើបភ្ញាក់ផ្អើលតែម្តង ពេលម្ចាស់មកផ្ទះដោយហួសចិត្តដែលបានជួបហេតុការណ៍មិននឹកស្មានដល់បែបនេះមានតែអង្គុយយំសោកស្តាយទ្រព្យសម្បត្តិដែលខ្លួនបានបាត់បង់ទៅ។
ក្រោយកើតហេតុកម្លាំងអាជ្ញាធរ និងប្រជាពលរដ្ឋបាននាំគ្នាជួយយកសម្ភា: និងរបស់របរណាដែលអាចយកចេញមកបានតែប៉ុណ្ណោះ៕












