ជនសង្ស័យម្នាក់ចូលលួចទូរស័ព្ទ ម្ចាស់ឃើញស្រែកឆោឡោដេញ ចាប់បានភ្លាមៗ…
ភ្នំពេញ: សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពចូល
លូចទូរស័ព្ទដល់ក្នុងតូបរបស់ប្រជាពលរដ្ឋ ខណៈដែលម្ចាស់កំពុងរវល់។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំងស្ថិតនៅបរិវេណនៅផ្សារអូរដឹម ក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ វណ្ណា ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះ ឈ្មោះ កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាដំបូង គាត់ទុកទូរស័ព្ទដៃរបស់គាត់នៅលើតុ ហើយរវល់តែអង្គុយលាងផ្លែឈើ នៅបន្ទប់ទឹក ស្រាប់តែជនសង្ស័យខាងលើ ចូលទៅលួចយកទូរស័ព្ទបានហើយព្យាយាមរត់ចេញភ្លាមៗនោះម្ចាស់ងាកមកឃើញក៏ ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងដេញចាប់បានតែម្តង រួចរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែម្តង។
ក្រោយឃាត់ខ្លួនបាន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរបន្ត៕












