រដ្ឋនឹងប្រើថវិការផ្ទាល់ សាងសង់ស្ពានភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ..

 

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលនិងធ្វើរួចរាល់នៅឆ្នាំ ២០២៧។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្របពេលការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងប្រើប្រាស់ថវិកាសាងសង់ ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀត ចេញពីស្រុកកៀនស្វាយ ទៅកាន់ស្រុកល្វាឯម  ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងសាងសង់ចំណាយថវិកា ២០០លានដុល្លារ

រាជរដ្ឋាភិបាល បានត្រៀមបញ្ចេញថវិកា ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គ ឆ្ពោះទៅកាន់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលតភ្ជាប់គ្នាពីស្រុកកៀនស្វាយ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្ដាល សម្រាប់អ្នកដំណើរដោយមិនចាំបាច់បង់ប្រាក់។

ស្ពានឆ្លងទន្លេមេគង្គនេះ នឹងស្ថាបនាឡើងត្រង់ម្ដុំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅកាន់ត្រើយខាងកើត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ រួចហើយទៅភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តែម្ដង។

មានន័យថា ស្ពាននេះជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងផ្លូវជាតិលេខ១ អាចធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមិនចាំបាច់បង់ប្រាក់ឡើយ ព្រោះសាងសង់ដោយថវិការដ្ឋផ្ទាល់។

បើតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ ជាផ្លូវសំខាន់ខ្សែល្បឿនលឿនទី២ ចេញពីខេត្តស្វាយរៀង  ចូលទៅក្នុងប្រទេសវៀតណាម ត្រូវបានភាគីកម្ពុជាចរចាចប់អស់ហើយ អំពីកិច្ចព្រមព្រៀងរវាង រដ្ឋ និងឯកជន ដោយគ្រោងនឹងបើកការដ្ឋានសាងសង់យ៉ាងយូរត្រឹម ខែមិថុនា ឆ្នាំ២០២៣ និងគ្រោងធ្វើរួចរាល់នៅឆ្នាំ២០២៧ ចំណាយថវិកា ១៦៣៨ លានដុល្លារ។

ហេតុដូច្នេះ ស្ពានឆ្លងទន្លេមេគង្គត្រង់ម្ដុំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ទៅកាន់ត្រើយខាងកើត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាល បានត្រៀមបញ្ចេញថវិកាផ្ទាល់ ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់នោះ អាចថា នឹងចាប់ផ្ដើមសាងសង់ដំណាលគ្នា ឬក្រោយផ្លូវល្បឿនលឿនបន្តិចបន្តួច៕

Leave a Reply

Your email address will not be published.