កម្លាំងអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធក្លែងឯកសណ្ឋានជាអាវុធហត្ថនិងកងអង្គរក្សព្រមទាំងសម្ភារៈ ផ្សេងៗមួយចំនួនទៀត…

ខេត្តតាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ នគរបាល អង្គរក្ស យោធា និងដកហូតរថយន្ត២គ្រឿង កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
ការបង្ក្រាបនេះ គឺមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យនៅពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យក់ សុជាតិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្ហាត់នៅក្នុងសមាគម ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ នៅវេលាម៉ោង៣រសៀល ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តបានចុះនៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។
ជនសង្ស័យទាំង៥នាក់ មាន៖
-ទី១ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ
-ទី២ ឈ្មោះ អឿន អាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី
-ទី៣ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
-ទី៤ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង
-ទី៥ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។
ក្នុងនោះ កម្លាំងជំនាញ ដកហូតបាន វត្ថុតាងរួមមាន៖
១.ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ។
២.ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១។
៣.ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២ ។
៤.ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤ ។
៥.រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញកំពុងអនុវត្តតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.