ភ្ញៀវទេសចរណ៍ចិន ចាប់ផ្ដើមមកដល់កម្ពុជា តាមការគ្រោងទុករវាង រដ្ឋាភិបាល កម្ពុជា-ចិន និងបាន ទទួលស្វាគមន៍ដោយ លោករដ្ឋមន្ត្រី និងអគ្គរដ្ឋទូតចិន
ភ្ញៀវទេសចរចិន ១២៥នាក់ ជាលើកដំបូងបន្ទាប់ពីវិបត្តិកូវីដ-១៩ បានមុខដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ តាមជើងហោះហើរពីទីក្រុងប៉េកាំង, ហើយនេះជាលើកទី១ ក្រោយរដ្ឋាភិបាលចិន បើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរចិនទាំងនេះ គឺមានអ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងអ្នកខ្លះមកដើរលេងជាមួយមិត្តភក្តិធម្មតា, ហើយប្រតិបត្តិការហោះហើរនេះ ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។
បន្ទាប់ពីទស្សនានៅក្នុងប្រទេសកម្ពុជារួចហើយនេះ ភ្ញៀវទេសចរចិនលើកដំបូងមកដល់កម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩នេះ ពួកគេនឹងផ្សព្វផ្សាយបន្តទៅកាន់ប្រជាជនចិន បូករួមនឹងកម្ពុជាយើងនឹងប្រឹងប្រែងទាក់ទាញផងនោះ ភ្ញៀវទេសចរចិនអាចនឹងមានពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរចិនទាំង ១២៥នាក់ នេះ បានធ្វើដំណើរពីទីក្រុងប៉េកាំង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃកម្ពុជា និងត្រូវបានទទួលស្វាគមន៍ដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកវ៉ាង វិនធាន ឯកអគ្គរដ្ឋ
ទូតចិនប្រចាំកម្ពុជា ដែលនេះជាការមក
ដល់លើកដំបូងរបស់ភ្ញៀវទេសចរចិន ក្រោយត្រូវបាន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសស្វាគមន៍បន្ទាប់ពី រដ្ឋាភិបាលចិន បានប្រកាសបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ៕












