ប្រមុខការពារជាតិរុស្ស៊ី លើកឡើងថា ការលូកដៃចូលរបស់ណាតូ និងលោកខាងលិច ក្នុងសង្គ្រាមអ៊ុយក្រែន ពិបាកព្យាករណ៍អំពីការ ពង្រីកសង្គ្រាមទៅដល់ការប្រើអាវុធនុយក្លេអ៊ែរពេកណាស់  ….

 

បើតាមគេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា លោក ស៊ើហ្គេ សយហ្គូ  (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា «ការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់បណ្ដាប្រទេសលោកខាងលិច ជួយដល់អ៊ុយក្រែន កំពុងតែអូសទាញអង្គការណាតូ ឲ្យចូលជ្រៅទៅក្នុងជម្លោះនេះយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី បានព្រមានថា សកម្មភាពរបស់លោកខាងលិច អាចនឹងនាំឱ្យមានការកើនឡើងនៃជម្លោះ មិនអាចទាយទុកជាមុនថា សង្គ្រាមវានឹងរីកធំប៉ុណ្ណា ហើយអាចឈានទៅដល់ការប្រើងាវុធនុយក្លេអ៊ែរដែរឬក៏អត់នោះ»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងការហៅសន្និសីទជាមួយនឹងក្រុមមន្រ្ដីយោធារុស្ស៊ី ថា «សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមអូសជម្លោះនេះ ឲ្យកាន់តែយូរ តាមតែអាចធ្វើទៅបាន។ ដើម្បីពន្យារពេលសង្គ្រាមឲ្យកាន់តែយូរនោះ បណ្ដាប្រទេសបស្ចិមលោក កំពុងតែចាប់ផ្ដើម ផ្គត់ផ្គង់គ្រឿងសព្វាវុធវាយប្រហារធុនធ្ងន់ ដោយជំរុញជាចំហ ដើម្បីឲ្យអ៊ុយក្រែន វាយដណ្ដើមយកទឹកដីរបស់យើង។ ជាការពិតណាស់ វាជាការបោះជំហានទៅមុខ អូសទាញបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះនៅអ៊ុយក្រែន ហើយវាអាចជំរុញឲ្យកម្រិតនៃជម្លោះកើនឡើង មិនអាចទស្សន៍ទាយទុកជាមុនបាន អំពីកម្រិតនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរឬក៏អត់»។

រហូតមកដល់ពេលនេះ ដែនដីជាច្រើន នៅក្នុងតំបន់ដែលរុស្ស៊ី បានអះអាងជារបស់ខ្លួននោះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅឡើយ ខណៈការវាយប្រហារគ្នាយ៉ាងខ្លាំង រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និងទាហានរុស្ស៊ី កំពុងតែបន្ដ ទាំងនៅភាគខាងត្បូង និងភាគខាងកើត។

រដ្ឋាភិបាលក្រុងមូស្គូ តែងតែចោទប្រកាន់ជាដដែល ដល់បណ្ដាប្រទេសលោកខាងលិច និងសម្ពន្ធមិត្ដយោធារបស់អង្គការណាតូ  ចំពោះការដើរតួនាទីដោយផ្ទាល់ នៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ជួយដល់ក្រុងកៀវ។ ជាមួយគ្នានឹងការចោទប្រកាន់នោះ រុស្ស៊ី តែងតែព្រមានដល់អង្គការណាតូ ថា គ្រឿងសព្វាវុធរបស់ពួកគេទាំងនោះ ក្លាយជាគោលដៅស្របច្បាប់ សម្រាប់កម្លាំងទាហានរបស់ខ្លួន វាយប្រហារកម្ទេចចោល៕

Leave a Reply

Your email address will not be published.