ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឱ្យព្រះសង្ឃ សមណនិស្សិត និងនិស្សិតខ្មែរ សិក្សានៅប្រទេសឥណ្ឌា ក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីបម្រើឧត្តមប្រយោជន៍នៅកម្ពុជា….
ក្នុងឱកាសជួបសំណេះសំណាលជាមួយព្រះសង្ឃដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឱ្យព្រះសង្ឃខ្មែរ សមណនិស្សិត និងប្អូនៗនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសឥណ្ឌា ត្រូវខិតខំសិក្សាក្រេបជញ្ជក់យកចំណេះជំនាញពីអរិយធម៌ វប្បធម៌ផ្សេងៗពីប្រទេសឥណ្ឌា ព្រោះប្រទេសនេះជាប្រទេសមានអរិយធម៌ដ៏ចំណាស់ ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជាផ្នែកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែបក្នុងដានប្រវត្តិសាស្ត្រដ៏យូរលង់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជំរុញបែបនេះ ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃខ្មែរ ដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា ខណៈលក់ឧត្តមសេនីយ៍ធ្វើទស្សនកិច្ចជាផ្លូវការក្នុងប្រទេសឥណ្ឌា។
ជាមួយនឹងការជំរុញឲ្យក្រេបជញ្ជក់ចំណេះវិជ្ជាផ្នែកវប្បធម៌ ដែលពាក់ព័ន្ធគ្នារវាងឥណ្ឌា និងកម្ពុជា នៅក្នុងប្រទេសឥណ្ឌានេះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនជូនព្រះតេជគុណព្រះសង្ឃ និងប្អូនៗនិស្សិតទាំងអស់ ប្រកបដោយសទ្ធាជ្រះថ្លា និងមនោសញ្ចេតស្រឡាញ់យកចិត្តទុកដាក់ជាទីបំផុត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អ្នកបន្តវេនកម្ពុជានាពេលអនាគតបានថ្លែងថា ព្រះសង្ឃខ្មែរ និងប្អូនៗនិស្សិតដែលកំពុងសិក្សានៅទីនេះ គឺជាអនាគតនៃមូលធនមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយសមត្ថភាពពិតប្រាកដ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទៅតាមជំនាញរបស់ខ្លួន, ដូច្នេះ ប្អូនៗនិស្សិតត្រូវបន្តខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ជាពិសេសនៅក្នុងបរិបទសាកលភាវូបនីយកម្ម ដែលកំពុងមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាពតាមការទាមទាររបស់ទីផ្សារការងារ និងត្រូវចេះឆ្លៀវឆ្លាតក្នុងការបង្កើតបណ្តាញទំនាក់ទំនងក្នុងសង្គម តាមរយៈការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាការងារស្ម័គ្រចិត្ត និងកម្មវិធីសប្បុរសធម៌ផ្សេងៗ ដើម្បីពង្រឹងភាពក្លាហាន និងទទួលបានបទពិសោធន៍បម្រើឱ្យការសម្រេចគោលដៅទៅអនាគត៕












