អ៊ុយក្រែន មិនរំពឹងថា ទទួលបានការឧបត្ថម្ភយន្ដហោះចម្បាំង F-16 ពី អាមេរិក នោះទេ….

 

អន្តរជាតិ-បើតាមសារព័ត៌មាន Alarabiya News  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែមករា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា គាត់ នឹងមិនបញ្ជូនយន្ដហោះ F-16 ផលិតនៅសហរដ្ឋអាមេរិក នាំទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នោះឡើយ។ ប៉ុន្ដែលោកប្រធានាធិបតី បានអះអាង ថា គាត់នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសប៉ូឡូញ ដែលជាសម្ពន្ធមិត្តអឺរ៉ុបខាងកើតដ៏សំខាន់មួយរបស់ក្រុងវ៉ាស៊ីនតោន។

ករណីសំណើរយន្តហោះចម្បាំងរបស់អ៊ុយក្រែននេះ គឺស្របពេលលោកអធិការបតីអាល្លឺម៉ង់ បានច្រានចោលនូវការផ្គត់ផ្គង់យន្ដហោះចម្បាំងរបស់លោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានសម្រេច មិនបញ្ជូនយន្ដហោះចម្បាំង ជំនាន់ទី៤របស់ខ្លួន ប្រភេទ F-16 ទៅជួយដល់ក្រុងកៀវ ហើយការសម្រេចបែបនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលមេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចបស្ចិមលោកទាំង២នេះ បានអនុញ្ញាត ផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់របស់ខ្លួន ជួយដល់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរដោយសារសង្គ្រាមរបស់ក្រុងមូស្គូ។

រាប់ថា អាជាការផ្គត់ផ្គង់អាវុធធ្ងន់ធ្ងន់ បណ្ដាប្រទេសបស្ចិមលោក បានព្រមព្រៀងគ្នាដ៏លំបាកមួយនៅខែមករានេះ ដើម្បីសម្រេចលើការបញ្ជូនរថក្រោះដ៏ទំនើប ផលិតតាមស្ដង់ដាររបស់អង្គការណាតូ ដែលជាអាវុធដ៏មានអានុភាពខ្លាំងក្លាបំផុត នៅក្នុងជួរកងទ័ពនៅក្នុងទ្វីបរបស់ពួកគេ។

ការធ្វើឱ្យប្រសើរឡើង ចំពោះកិច្ចគាំទ្រ បានជំរុញឱ្យមានក្តីសង្ឃឹម សម្រាប់ក្រុងកៀវ (Kyiv) ថា អ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំង F-16 នៅក្នុងពេលដ៏ឆាប់ៗនេះ ដើម្បីបង្កើនសមត្ថភាពរបស់ទ័ពអាកាសរបស់ខ្លួន ដែលបានបាត់បង់។ ប៉ុន្តែបញ្ហាទាំងនេះ នៅតែស្ថិតក្រោមការជជែកវែកញែកយ៉ាងខ្លាំង នៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច។

បើយើងងាកទៅមើលសំណើយន្តហោះចម្បាំងដែលអ៊ុយក្រែន ស្នើ អាមេរិក វិញ គេឃើញថា ក្រុមអ្នកកាសែត បានសាកសួរនៅឯសេតវិមាន ថាតើ លោកប្រធានាធិបតី ពេញចិត្ត នៅក្នុងការបញ្ជូនយន្តហោះចម្បាំង ដែលមេដឹកនាំអ៊ុយក្រែន បាននិយាយថា ស្ថិតនៅកំពូលបញ្ជីអាវុធចុងក្រោយបំផុតរបស់ពួកគេដែរឬទេ? លោក ចូ បៃដិន បានឆ្លើយ ថា «អត់ទេ! គ្មានការបញ្ជូនយន្ដហោះចម្បាំងនោះឡើយ»៕

 

Leave a Reply

Your email address will not be published.