ស្ត្រីម្នាក់ស្ពាយកាបូបដើរចេញពីផ្សារដើមគរត្រូវជនសង្ស័យជិះម៉ូតូមកឆក់តែមិនបានសម្រេចដោយប្រជាពលរដ្ឋជួយអន្តរាគមន៍ទាន់…

 

 

ភ្នំពេញ:ស្ត្រីម្នាក់ដើរទិញបន្លែនៅផ្សារដើមគរត្រូវបានជនសង្ស័យម្នាក់បានជិះម៉ូតូស៊ីស៊ូគីនិចពណ៌សមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបតែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋជួយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបោះកាបូបចោលជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៥:៤0 នាទីទៀបភ្លឺថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅត្រង់ចំណុចស្តុបផ្សារដើមគរ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះបានធ្វើដំណើរចេញពីកន្លែងទិញបន្លែដោយស្ពាយកាបូបជាប់នឹងខ្លួនពណ៌គគីដាក់នៅនឹងមុខធ្វើដំណើរចេញពីផ្សារដើមគរឆ្លងផ្លូវម៉ៅសេទុង ខណៈពេលមកដល់ចំណុចផុតស្តុបផ្សារដើមគរ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចពណ៌សមិនចាំស្លាកលេខ ធ្វើដំណើរចេញមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ ខណៈនោះត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោនិងជួយអន្តរាគមន៍ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបោះកាបូបចោលវិញជិះរត់គេចខ្លួនទៅតាមបណ្ដោយផ្លូវ៣៣៦ឆ្ពោះទៅទិសខាងលិចបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុស្រីរងគ្រោះបានយកកាបូបលុយរបស់ខ្លួនហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយមិនដាក់ពាក្យបណ្តឹងនោះទេដោយគ្មានជំនឿថាសមត្ថកិច្ចចាប់បានជនសង្ស័យខាងលើនេះ។

ប្រជាពលរដ្ឋបានត្អូញតែ្អថាម្តុំផ្សារដើមគរខាងលើនេះអសកម្មមែនទែន ដោយជនសង្ស័យធ្វើសកម្មភាពឆក់ជាញឹកញាប់ តែសន្តិសុខនិងសមត្ថកិច្ចមិនដែលចាប់បានជនសង្ស័យម្ដងណាទេធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួននៅពេលដែលអាជីវករលក់ដូររួមទាំងប្រជាពលរដ្ឋធ្វើដំណើរមកទិញបន្លែឥវ៉ាន់ក្នុងផ្សារដើមគរត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់ញឹកញាប់បាត់អស់ទ្រព្យសម្បត្តិជាច្រើន។

ហេតុដូចនេះប្រជាពលរដ្ឋសូមសំនូមពរដល់ប្រធានផ្សាររួមទាំងសមត្ថកិច្ចមូលដ្ឋានជួយពង្រឹងសន្តិសុខក្នុងមូលដ្ឋានដើម្បីធានាភូមិ ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

Leave a Reply

Your email address will not be published.