ងោកមួយភ្លាំងបើករថយន្ដសណ្ដោងដឹកទូរកុងតឺន័ររេចង្កូតឡើងលើសួនច្បារពុះចែកផ្លូវបុករលើងគល់ដើមឈើចាន់គីរីមួយដ៏ធំបាក់កៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ…
ភ្នំពេញ ៖ បុរសម្នាក់ងោកមួយភ្លាំងបើករថយន្ដសណ្ដោងដឹកទូរកុងតឺន័មួយគ្រឿងរេចង្កូតឡើងសួនច្បារពុះចែកផ្លូវបុករលើងគល់ដើមឈើចាន់គីរីដ៏ធំបាក់សង្កត់កៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ និងប៉ះបង្គោលភ្លើងទ្រេតមួយដើម។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង០០នាទីព្រឹកទៀបភ្លឺ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវមហាវីថីឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ ឃើញមានរថយន្ដបង្កដឹកទូរសណ្ដោងកុងតឺន័រ មួយគ្រឿងក្បាលពណ៌សបើកបរដោយបុរសក្នុងស្ថានភាពងងុយដេក បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវីថីឈ្នះ ឈ្នះ ទិសដៅពីលិចមកកើតក្នុងឈ្បឿនលឿន ខណះបើកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែងោកមួយភ្លាំងរេចង្កូតទៅឆ្វេងឡើងសួនច្បារពុះចែកផ្លូវទៅបុកដើមឈើចាន់គីរីដ៏ធំមួយដើមរលើងគល់បាក់សង្កត់ចំក្បាលរថយន្ដកុងតឺន័រកៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម។ ភ្លាមៗនោះពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញ ក៏បានគាស់ទ្វាររថយន្ដជួយយកកៃកុងចេញពីរថយន្ដដើម្បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ផងដែរ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាសវែងយករថយន្ដខាងលើ ទៅរក្សាទុករងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌












