ខំឆ្លៀតចេញទៅទិញខោអាវពេលចេញហូបបាយពេលថ្ងៃ ខណ:ជិះម៉ូតូឌុបគ្នាតាមផ្លូវត្រូវរថយន្តកិនស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់…
ភ្នំពេញ៖នារីកម្មការនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗចំណែកម្នាក់ទៀតរករបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់មួយ ខណៈជិះម៉ូតូតាមផ្លូវត្រូវរថយន្តមិនចាំម៉ាកបើកកៀរួចកិនចំពីលើ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ១៥នាទីថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២៤ស្ថិតនៅតាមបណ្ដើកផ្លូវមហាវិថីឈ្នះឈ្នះសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌សលាយក្រហម ពាក់ផ្លាកលេខតាកែវ1N- 64 31 ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងទៀតដែលមិនចាំម៉ាក បណ្ដាលឲ្យអ្នកឌុបនៅខាងមុខដួលខ្ទាតចូលក្រោមកង់រថយន្តត្រូវបានរថយន្តកិនស្លាប់ភ្លាមៗចំណែកនារីដែលជិះខាងក្រោយរងរបួសស្រាល។
សមត្ថកិច្ចបានឲ្យដឹងថាសពនារីដែលស្លាប់ខាងលើនេះមានឈ្មោះ ចូ ម៉ាឌី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅឯខេត្តកំពត និងស្នាក់នៅបច្ចុប្បន្ននៅបន្ទប់ជួលម្ដុំសាលាកូរ៉េ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យនិងកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែងនិងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកអត្តសញ្ញាណអ្នកបើកបរនិងរថយន្តបង្កមកចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពនារីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕












