រថយន្តធុនធំពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានអ្នករបួសធ្ងន់ស្រាល០៣នាក់…
ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីយដោយរថយន្តធុនធំចំនួនពីរគ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កឲ្យមនុស្ស០៣នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ កែងផ្លូវ១០៤ ក្នុងភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេសង្កេតឃេីញរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ លាយលឿង ពាក់ផ្លាក លេខ កំពង់ឆ្នាំង 3A-0598 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៤ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនល្មម និងបំរុងឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុង ។ លុះឆ្លងបានបន្តិចស្រាប់តែមានរថយន្តម៉ាក NISSAN ប្រភេទបែនដឹកដី ពណ៌ក្រហម លាយខៀវ ពុំមានស្លាកលេខ បេីកបរដោយបុរសម្នាក់ និងព្រូឡានម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន និងមិនប្រយ័ត្ននៅចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយ ចំទ្វាពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តហុីយ៉ាន់ដាយ ខូចខាតទ្វា មួយចំហៀង រីឯរថយន្តNISSAN បែនដឹកដីរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្នុងករណីនេះដែរបានធ្វេីឲ្យតៃកុងរថយន្ត NISSAN គៀបជាប់រងរបួសធ្ងន់ និងព្រូម្នាក់ ព្រមទាំងភាគីរថយន្តហុីយ៉ាន់ដាយ រងរបួសស្រាល ។
ក្រោយកេីតហេតុភ្លាមៗ ប្រជាពលរដ្ឋបានទាក់ទងទៅក្រុមមន្ត្រីជំនាញឲ្យមកជួយគាស់ដឹកយកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះភាគីទាំងពីរចូលខ្លួនដោះស្រាយតាមក្រោយ ៕














