ជនសង្ស័យយកដុំថ្មគប់កញ្ចក់រថយន្តនិងហក់ធ្លាក់ម៉ូតូអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ក្រុងច្បារមនត្រូវបានឃាត់ខ្លួន…
កំពង់ស្ពឺ ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទីមានករណីជនសង្ស័យម្នាក់បានធ្វេីសកម្មភាពគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្ដោយផ្លូវជាតិលេ ខ ៤ ចន្លោះគីឡូម៉ែតលេខ៤៨ -៤៩ ស្ថិតក្នុងភូមិពាណិ ជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច នគរបាល បានទទួលព័ត៌មាន(បណ្ដឹងផ្ទាល់តាមរយៈ hotline ) ពីជនរងគ្រោះឈ្មោះ អោម សុភក្រ្ត័ ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរបើករថយន្តប្រចាំរោងចក្របានរៀបរាប់ថាខ្លួនបើករថយន្តម៉ាកស្ទាររេច ពណ៍ទឹកប្រាក់ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-5226 ចេញពីរោងចក្រទៅទទួលភ្ញៀវនៅភ្នំពេញលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យបានយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់ខ្លួន បណ្ដាលឲ្យបែកកញ្ចក់និងទ្វារពីខាងឆ្វេងភ្លាមនោះខ្លួនក៏បានឈប់រថយន្តរួចរាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង ។
ក្រោយទទួលបានព័ត៍មាន កំលាំងជំនាញអធិការដ្ឋានក្រុងច្បារមន សហការជាមួយកម្លាំងប៉ុស្ដិ៍ចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង ចាន់ចំរើន ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិបុស្សតានៃឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានវត្ថុតាងដុំថ្មជ្រុងមួយដុំ ក្រោយសមត្ថកិច្ចឃាត់និង ការសាកសួរទេីបដឹងថាជនសង្ស័យខាងលេីជាមនុស្សដែលបានធ្វេីសកម្មភាពហក់ធាក់ម៉ូតូអ្នកដំណេីរដែលជិះឆ្លងកាត់ផ្លូវជាតិលេខ៤។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ៕













