រាជធានី-ខេត្តទាំង ៦ ដែលជាប់ចំណាត់ថ្នាក់ភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ ក្នុងឱកាសពិធីបុណ្យមហាសង្ក្រាន្តឆ្នាំថ្មី …
រាជធានីភ្នំពេញ ÷ យោងតាមរបាយការណ៍ស្ដីពីភ្ញៀវទេសចររបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលបានបញ្ជូនទៅកាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា ពិធីបុណ្យមហាសង្ក្រាន្តឆ្នាំថ្មីនៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់ ក្នុងកំណត់ត្រារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤, ហើយថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា គោលដៅទេសចរណ៍ទូទាំងប្រទេស និងចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។
ពេលនេះយើងងាកទៅមើល រាជធានី-ខេត្តទាំង ៦ ដែលទទួលបានទេសចរច្រើនជាងគេ រួមមាន ៖
១. ខេត្តកំពង់ចាម : មានភ្ញៀវទេសចរជាតិ ៥,៣៤៩,២៩៧នាក់ និងទេសចរបរទេស ៥១៤នាក់,
២. ខេត្តព្រៃវែង : មានភ្ញៀវទេសចរជាតិ ២,២៩៨,៦៧នាក់ និងទេសចរបរទេស ៣៥នាក់,
៣. ខេត្តកំពង់ស្ពឺ : មានភ្ញៀវទេសចរជាតិ ២,១០២,២៤៧នាក់ និងទេសចរបរទេស ១,៦៦៨នាក់,
៤. ខេត្តបាត់ដំបង : មានភ្ញៀវទេសចរជាតិ ១,៧៣១,៤៣២នាក់ និងទេសចរបរទេស ៣,១៩៧នាក់,
៥. ខេត្តកំពត : មានភ្ញៀវទេសចរជាតិ ១,៤០០,៣៧៥នាក់ និងទេសចរបរទេស ៣,១២២នាក់,
៦. រាជធានីភ្នំពេញ : មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ១,៣២១,១២០នាក់,
ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងជាង ២១លាននាក់នេះ គឺមានភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋខ្មែរ ប្រមាណ ២១.៧០លាននាក់ និងទេសចរបរទេសប្រមាណ ១១ម៉ឺននាក់។ ចំពោះការរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទូទាំងប្រទេស គឺប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ពុំមានបញ្ហាអាក្រក់ណាមួយកើតឡើងគួរឱ្យរឱសឋានផ្លូវចិត្តឡើយ។
ចំណែកអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺពិធីបុណ្យមហាសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានចំនួនរហូតដល់ទៅ ០៤ថ្ងៃឯណើ ក្នុងពេលដែលពិធីបុណ្យមហាសង្ក្រាន្តឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ ០៣ថ្ងៃ និងមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រមាណតែ ១៣,១៣លាននាក់ប៉ុណ្ណោះ។ ក្រៅពីនេះ គ្រប់រាជធានី-ខេត្តមានរៀបចំពិធីមហាសង្រ្កានឆ្នាំថ្មីរៀងៗខ្លួន ដែលជាព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍គួរជាទីមនោរម្យ៕ កុលាបភ្នំពេញ












