កន្លែងបាក់ស្រុតផ្លូវជាតិ លេខ៧៦ក្នុងខេត្តមណ្ឌលគិរី កាលពីជាង ៨ខែមុន បានស្ថាបនាឡើងវិញរួចរាល់ហើយ …
ខេត្តមណ្ឌលគិរី ៖ ក្នុងដំណើរនិវត្តទៅកាន់រាជធានីភ្នំពេញ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល ៣ថ្ងៃ តាមបណ្តាខេត្ត នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិ លេខ ៧៦ ក្នុងខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ជាស្ថាពរឡើងវិញបន្ទាប់ពីបានបាក់ប្រវែង ១៦៦ម៉ែត្រ ដោយសារការរអិលបាក់ដី កាលពីជាង ៨ខែមុន។
សូមបញ្ជាក់ថា ណាត់ផ្លូវជាតិ លេខ ៧៦ ដែលបានបាក់ស្រុត ប្រវែង ១៦៦ម៉ែត្រនេះ គឺដោយសារការរអិលបាក់ដី នៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ចន្លោះ PK94+080 – PK94+150) គឺបាក់ស្រុតកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
បច្ចុប្បន្ន ការស្ថាបនាតភ្ជាប់ផ្លូវឡើងវិញ គឺធ្វើរហូតដល់ប្រវែង ៤២៥ម៉ែត្រ (PK93+900 – PK94+325) , មានស្ថាបនាប្រឡាយ និងលូកាត់ទទឹងផ្លូវ សម្រេចរួចរាល់ ១០០% , និងបានបើកឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ ហើយរំពឹងថា នឹងទទួលបានការធ្វើដំណើរច្រើនពីសំណាក់អ្នកទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ៕ កុលាបភ្នំពេញ












