លោភលន់ពេក ចង់ប្រមូលប្រាក់រាប់លានដុល្លាររត់មេតុងទីន ២នាក់ប្ដីប្រពន្ធ ល្បីនៅខេត្តកំពង់ចាម ត្រូវចាប់ខ្លួនបានហើយ  

ខេត្តកំពង់ចាម ÷ បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលរឿងបងប្អូនអាជីវករលក់ដូរនៅផ្សារស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម រាប់រយនាក់ បានចាញ់បោកមេតុងទីន ឈ្មោះ សាន សុវណ្ណាលីស  ភេទស្រី (លេងតុងទីនតាមអនឡាញ) ប្រមូលលុយទៅអស់ច្រើនលានដុល្លារ និងបន្ទាប់ពីក្រុមអាជីវករបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចំការលើ ជាហូរហែនោះ ពេលនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនមេតុងទីននេះបានហើយ។
បើតាម លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ការឃាត់ខ្លួនមេតុងទីន ដែលអោបក្រសោបលុយច្រើនលានដុល្លាររត់ចោលកូនតុងទីនរាប់រយនាក់នេះ គឺធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៤០នាទី នៅចំណុចខុនដូរ អិល ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មេតុងទីននេះមានឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងប្ដីឈ្មោះ ណេង ស៊ុនហេង អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ ការចាប់ខ្លួននេះទៀតសោតធ្វើឡើង តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម លេខ ០២ និងលេខ ០៣ អ.យ.ជ/២០២៤ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងឆបោក (លេងតុងទីនតាមអនឡាញ)។
បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំង ២នាក់ ប្ដីប្រពន្ធខាងលើនេះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលជាទឹកដីម្ចាស់ករណី ដើម្បីបន្តនីតិវិធី៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.