សមត្ថកិច្ចឃាត់ខ្លួនបុរសដែលប្រើហិង្សាលើស្ត្រីរងគ្រោះ ហើយបែរជាដើរប្រាប់គេថា ” ប្រិង ”  ឥឡូវនេះឃុំខ្លួនបណ្ដោះអាសន្ន…

រាជធានីភ្នំពេញ ÷ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានបញ្ចេញកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គង់ សុខសែង ហៅ ដែន សូនី ដែលល្បីសុសសាយក្នុងសង្គមហ្វេសប៊ុកពីរឿងវាយទាត់ធាក់ស្ត្រី គ្មានត្រាប្រណី និងអួតតម្កើងខ្លួនឯងថា មានអ្នកណាហ៊ានធ្វើអីអញ តែដល់ពេលសមត្ថកិច្ចហៅចូលវាស់កម្ពស់ និងរុញឱ្យដើរចូលគុក (កន្លែងឃុំខ្លួនបណ្ដោះអាសន្ន) ស្រាប់តែបង្ហាញកាយវិការត្រុនៗ លែងហ៊ានក្លាហានដូចមុន។
ការឃាត់ខ្លួនជនច្រឡោងខាម ឈ្មោះ ដែន សូនី នេះ សមត្ថកិច្ចបានចោទប្រកាន់ថា ពីបទ ” ហិង្សា ដោយចេតនា ” ប្រព្រឹត្តនៅចំណុចបន្ទប់ជួល លេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១៥ នាទី (ម៉ោង១៦:១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។ រូបភាពដកស្រង់ចេញពីកាមេរ៉ាសុវត្ថិភាព បង្ហាញច្បាស់ៗថា ការប្រើអំពើហិង្សារបស់ឈ្មោះ ដែន សូនី ទៅលើស្ត្រីរងគ្រោះ គឺពិតជាបង្ហាញពីភាពឃោរឃៅ សាហាវ អំនួតកោងកាចរបស់ជនដៃដល់នេះខ្លាំងណាស់,  បើកុំតែសមត្ថកិច្ចខ្លាំង ជននេះមិនអាចមកជាប់គុកនោះទេ, ប៉ុន្តែប្រសិនបើសមត្ថកិច្ចខ្សោយវិញ ជននេះនឹងដំឡើងធ្មង់ ចង្កូម របស់គេថែមទៀតជាមិនខាន។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ ដែន សូនី  ជនជាតិខ្មែរ ជាអាជីវករ មានទីលំនៅផ្ទះលេខ ២៧V ផ្លូវលេខ១៩៥ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យ គង់ សុខសែង ហៅ ដែន សូនី ត្រូវបានកម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមប្រភពពីអ្នកវាលស្បូវ និងអ្នកដឹងរឿងនេះ បានឱ្យដឹងផងដែរថា ជនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី នេះ តែងតែព្យាយាមធ្វើបាបស្ត្រីរងគ្រោះជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងមូលដ្ឋាន ហ៊ានធ្វើអីគាត់ បើទោះបីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលវាលស្បូវមួយលើកជាពីរលើករួចទៅហើយក្ដី, ប៉ុន្តែពេលនេះអ្នកលេងជួបអ្នកមែន… អ្នកលេង គឺជនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី, ចំណែកអ្នកមែន គឺសមត្ថកិច្ច, ដែលក្នុងនោះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ជនដៃដល់ ឆាប់ចូលខ្លួនមកសារភាព មុនពេលដែលសមត្ថកិច្ចចុះធ្វើការគាត់ខ្លួន, និងថា សមត្ថកិច្ចគ្មានពេល ” ប្រិង ” លេងជាមួយលោកនោះទេ, ឥឡូវសមត្ថកិច្ចខូចខ្លួនបាត់៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.