នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យលេងល្បែងប្រពៃណីខ្មែរកាន់តែច្រើន ប្រកបដោយសីលធម៌ កុំប៉ះពាល់ដល់កិត្តិយសស្ត្រី ខណៈបានឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀម…
ខេត្តពោធិ៍សាត់ ÷ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃនេះ ខ្ញុំបានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីត្រៀមឯកសារចុះបញ្ជីសង្ក្រាន្តនៅកម្ពុជាឱ្យរួចរាល់នៅឆ្នាំក្រោយ ដើម្បីកម្ពុជាអាចបញ្ចូល “សង្ក្រាន្តនៅកម្ពុជា” នៅក្នុងឆ្នាំ២០២៦, ខណ:ដែលខ្ញុំក៏សូមអំពាវនាវផងដែរដល់យុវជនខ្មែរ ចូរជំរុញ-បង្កើត ល្បែងប្រពៃណីខ្មែរឱ្យបានច្រើន លេងកម្សាន្តសប្បាយ ប៉ុន្តែប្រកបដោយគុណធម៌ សីលធម៌ កុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
យើងសង្ឃឹមថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងកម្សាន្តសប្បាយរីករាយទាំងអស់គ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ខណៈដែលមានអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក បានរៀបចំទីតាំងសម្រាប់រៀបចំកម្មវិធីកម្សាន្តសប្បាយនៅតាមគោលដៅរបស់ខ្លួនបណ្តើរៗហើយ គឺទីវត្តអារាម បានរៀបចំកម្មវិធីតាមបែបសាសនា ជាដើម។
ពលករខ្មែរនៅថៃ មិនតម្រូវឱ្យបង់ថ្លៃសេវាចូលប្រទេសថៃវិញ ឬប្រទេសជិតខាងផ្សេងទៀត ដូចជាឡាវ ភូមា វៀតណាមជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះឡើយ។ សម្តេចបានណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែនរបស់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ ហើយមិនត្រូវយកថ្លៃសេវាផ្សេងៗនោះឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញថា យើងសូមលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់កន្លែង រៀបចំល្បែងប្រពៃណីឱ្យបានច្រើន បង្កលក្ខណ:សប្បាយ រៀបចំទីកន្លែង រៀបចំសម្ភារៈ ឧបករណ៍អង្គញ់ ចោលឈូង។ ខ្ញុំឃើញនៅភ្នំពេញ និងខេត្តមួយចំនួន រៀបចំចោលឈូង លេងឱ្យបានច្រើន ហើយប្រជាពលរដ្ឋយើង ពិសេសក្មេងៗ គឺចូលរួមលេងឱ្យបានច្រើនទាញព្រ័ត្រ ប្រពៃណី វប្បធម៌របស់យើង។ ជួយជំរុញលេងល្បែងប្រពៃណីយើងឱ្យបានច្រើន ច្នៃប្រឌិតទាំងនៅក្នុង និងនៅក្រៅ, ប៉ុន្តែទោះជាយ៉ាងណា លេងកម្សាន្តដោយការទទួលខុសត្រូវ សូមកុំលេងអ្វី ឬធ្វើសកម្មភាពអ្វី ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសការផឹកគ្រឿងស្រវឹងបើកបរ, និងជាងនេះទៅទៀតនោះ គឺត្រូវចេះគោរពគ្នាដូចបងប្អូន ស្រឡាញ់គ្នា កុំបៀតបៀនគ្នា និងត្រូវមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ពេលប៉ះពារគ្នាក្នុងពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ពាក់ព័ន្ធនឹងវប្បធម៌ដូនតាខ្មែរ ” ព្រឹត្តិការណ៍ សង្ក្រាន្ត ” គឺមានបងប្អូនយើង អ៊ំ ពូ មីង មា យាយ តា ព្រួយបារម្ភខ្លាំងរឿង «សង្ក្រាន្ត» នេះ ខ្ញុំសូមលើកទឹកចិត្តថា នេះជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ។ កិច្ចការពារសម្បត្តិវប្បធម៌ គឺជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាល តាំងពីរាល់អាណត្តិមកហើយ, ហើយកម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំ, ឬព្រឹត្តិការណ៍សង្ក្រាន្ត នោះទេ។ កម្ពុជានៅតែមានសិទ្ធិភាព និងបុព្វសិទ្ធិ ប្រើប្រាស់ពាក្យ ” សង្ក្រាន្ត ” ទោះបីថៃចុះពាក្យនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ, ហើយឆ្នាំនេះ ខ្ញុំបានជំរុញឲ្យអាជ្ញាធររាជធានី-ខេត្តក្រុង ស្រុក ទាំងអស់ រៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្ត ក្រុងស្រុកនានា។
ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបិយចំនួន ៧ទៀត នាពេលខាងមុខ, ពេលនេះខ្ញុំបានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារដាក់ពាក្យ ” សង្ក្រាន្ត ” ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយនេះហើយ៕ កុលាបភ្នំពេញ












