អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រៀមខ្ជាប់ខ្ជួនសម្រួលការងារចេញ-ចូលដល់ពលករខ្មែរ មកចូលឆ្នាំនៅកម្ពុជារយៈពេល ៤៥ថ្ងៃ …

រាជធានីភ្នំពេញ ÷ យោងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្តីពីការសម្រួល ការធ្វើដំណើរ ចូល-ចេញប្រទេស ជូនពលករកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤, គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពីការសម្រួលដំណើរ ចូល-ចេញ ប្រទេសនៅតាមច្រកទ្វារសំខាន់ៗជូនពលករកម្ពុជា។
– យោងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា-ថៃ ក្រុមការងារតាមច្រកទ្វារអន្តរជាតិ និងតាមព្រំដែន ត្រូវរៀបចំត្រៀមកម្លាំង និងបែងចែកវេនប្រចាំការឱ្យបានសមស្រប ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលដែលពលករកម្ពុជាវិលចូលប្រទេស និងនៅពេល ត្រឡប់ទៅបំពេញការងារក្នុងប្រទេសថៃវិញ។
– រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ បានសម្រេចមិនយកតម្លៃទិដ្ឋាការពេលពលករកម្ពុជា ត្រឡប់ចូលប្រទេសថៃវិញ (Re-Entry Permit) សម្រាប់រយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយមន្ត្រីមានសមត្ថកិច្ចថៃ នឹងធ្វើការប្រថាប់ត្រាជំនាញថ្មី ដាច់ដោយឡែកលើលិខិតឆ្លងដែនកម្ពុជា ឬឯកសារធ្វើដំណើរដែលមានតម្លៃស្មើតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ជាសម្គាល់ និងជាមូលដ្ឋានទិន្នន័យបម្រើដល់ការគ្រប់គ្រងដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា សម្រាប់រយៈពេលកំណត់ខាងលើតែប៉ុណ្ណោះ (ដូចមានគំរូត្រា និងឯកសារបកប្រែជូនភ្ជាប់ជាមួយ) ។
ការត្រៀមលក្ខណៈសម្បត្តិខាងលើនេះ សំដៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងស្មារតីអនុវត្តសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្តីពីការសម្រួលការធ្វើដំណើរ ចូល-ចេញប្រទេស របស់ពលករកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីថ្មីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.