ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យពិនិត្យមើលអ្នកប្រើប្រាស់ផ្លាកលេខ ” នគរបាល ” ខណៈក្រសួងការពារជាតិ ក៏ពិនិត្យផ្លាកលេខ “ខេមរភូមិន្ទ ” ផងដែរ …
រាជធានីភ្នំពេញ ÷ ជាច្រើនដំណាក់កាលរួចមកហើយ សាធារណជន ក៏ដូចប្រជាពលរដ្ឋ បានឃ្លាំមើលការបង្ក្រាបទៅលើបុគ្គលឯកជនប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ” នគរបាល និង ខេមរភូមិន្ទ ” មិនចេះអស់ មិនចេះហើយ ពោលគឺ បង្ក្រាបបានតែបន្តិច ពេលឈប់បង្ក្រាប ក៏តាំងកើតមានអ្នកប្រព្រឹត្តពាក់ផ្លាកលេខ” នគរបាល និង ខេមរភូមិន្ទ ” នេះឡើងវិញជាបន្តទៀតឥតឈប់ឈរ, ពេលនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត ពង្រឹងការគ្រប់គ្រង និងចាត់វិធានចំពោះយានយន្ដប្រើប្រាស់ផ្លាកលេខ ” នគរបាល ” ជាលក្ខណៈឯកជនខុសពីគោលការណ៍ច្បាប់កំណត់ឱ្យបានតឹងរ៉ឹងឡើងវិញ, ចំណែកផ្លាកលេខ ” ខេមរភូមិន្ទ ” ទុកឱ្យស្ថាប័នក្រសួងការពារជាតិ និងកងរាជអាវុធហត្ថជាអ្នកបង្ក្រាបចុះ ឬក៏កម្លាំងនគរបាលជាតិ ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបង្ក្រាប។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បទបញ្ជាបែបនេះ ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅឯសាលប្រជុំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមើលឃើញថា មួយរយៈពេលចុងក្រោយនេះ ការប្រើប្រាស់ផ្លាកលេខ ” នគរបាល ” ទាំងរថយន្ដ និងម៉ូតូមួយចំនួនខុសពីគោលការណ័កំណត់ ដោយអ្នកខ្លះទៅធ្វើការងារជាឯកជន ប៉ុន្ដែជិះមធ្យោបាយដែលបំពាក់ផ្លាកលេខ ” នគរបាល “។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ ” នគរបាល ” ខុសរឿង។ ព្រោះឃើញគេប្រើប្រាស់យានយន្តមួយចំនួន ពាក់ផ្លាកលេខ ” នគរបាល ” ជិះទៅធ្វើការនៅកាស៉ីណូ ហើយអ្នកខ្លះជិះទៅឈប់នៅមុខ KTV ដែលមិនមែនជាប្រតិបត្តិការរបស់សមត្ថកិច្ច, អ៊ីចឹងឡានហ្នឹង ម៉ូតូហ្នឹង គឺមិនមែនជារបស់មន្ត្រីនគរបាលដែលមានតួនាទីត្រូវប្រើប្រាស់នោះទេ ហើយមន្ត្រីនគរបាលដែលប្រើប្រាស់យានយន្តពាក់ផ្លាកលេខ ” នគរបាល ” ស្របតាមគោលការណ៍ច្បាប់ ក៏មិនត្រូវឲ្យគេខ្ចីជិះយកទៅណាផ្ដេសផ្ដាសដែរ សូមប្រើប្រាស់ឲ្យចំមុខចំជំនាញ។
ករណីយានយន្តប្រើប្រាស់ផ្លាកលេខ ” នគរបាល ” នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ” នគរបាល ” ខុសគោលការណ៍ មិនត្រូវចំមុខជំនាញ ឱ្យបានតឹងរ៉ឹង។ ក្នុងករណីចាំបាច់ បើឃើញប្រព្រឹត្តខុសច្បាប់ គឺត្រូវដកផ្លាកលេខចេញវិញ ដាក់ពិន័យរដ្ឋបាល ហើយឲ្យម្ចាស់យានយន្ដទៅបង់ពន្ធតាមច្បាប់, សម្រាប់ផ្លាកលេខ ” នគរបាល ” គឺសម្រាប់តែសមត្ថកិច្ចនគរបាលបម្រើឲ្យអង្គភាពខ្លួនតែប៉ុណ្ណោះ និងត្រូវមានបំពាក់ឡូហ្គោអង្គភាពនគរបាល។
ចំណែកឯការប្រើប្រាស់ផ្លាកលេខយានយន្ដ ” ខេមរភូមិន្ទ ” ខុសពីគោលការណ៍ច្បាប់វិញ ក្រសួងការពារជាតិ កាលពីម្សិលមិញ បានព្រមានចាត់វិធានការទោលើអ្នកប្រើប្រាស់ផ្លាកលេខ ” ខេមរភូមិន្ទ ” ផ្ទុយនឹងគោលការច្បាប់ និងមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ថា ក្នុងរយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់យានយន្តមួយចំនួនមានភាពក្រអឺតក្រទម មិនស័ក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ដូច្នេះមន្ត្រីយោធា និងកងកម្លាំងខេមរភូមិន្ទ នៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមការងារអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់អត្តចរិតបុគ្គលិកលក្ខណៈសុភាពរាបសារ គោរពការអនុវត្តច្បាប់, ចំណែកការប្រើប្រាស់ផ្លាកលេខ ” ខេមរភូមិន្ទ ” ត្រូវតែជារបស់អង្គភាព មានបំពាក់ឡូហ្គោក្រសួងការពារជាតិ។
ទោះជាយ៉ាងណា សាធារណជនបានឃ្លាំមើលសង្កេតឃើញថា ជាច្រើនដំណាក់កាលរួចមកហើយ ការបង្ក្រាបទៅលើបុគ្គលឯកជនប្រើប្រាស់រថយន្តពាក់ផ្លាកលេខ ” នគរបាល និង ខេមរភូមិន្ទ ” ខុសគោលការណ៍ច្បាប់ គឺមិនចេះអស់ មិនចេះហើយ ពោលគឺ បង្ក្រាបបានតែបន្តិច ពេលឈប់បង្ក្រាប ក៏តាំងកើតមានអ្នកប្រព្រឹត្តពាក់ផ្លាកលេខ” នគរបាល និង ខេមរភូមិន្ទ ” នេះឡើងវិញជាបន្តទៀតឥតឈប់ឈរ តែពេលនេះ បើក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ចេញមុខដាស់តឿន ព្រមាន និងបង្ក្រាបឡើងវិញហើយនោះ ប្រជាពលរដ្ឋសូមអបអរសាទរ និងសំណូមពរឱកយអនុវត្តច្បាប់ដាក់ទោសទណ្ឌឲ្យបានទន់ធ្ងរបន្តិចផង ព្រោះកុំឱ្យមន្ត្រីដែលប្រើប្រាស់ផ្លាកលេខ ” នគរបាល និង ខេមរភូមិន្ទ ” ទាំងនោះ ក្រអឺតក្រទមដាក់ប្រជាពលរដ្ឋ និងមន្ត្រីអ្នកអនុវត្តច្បាប់ចរាចរណ៍ ពេលគេឆែកឯកសារផ្សេងៗ ឬពេលជិះប៉ះពារគ្នា៕ កុលាបភ្នំពេញ












