លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ (១០,០៥២សំឡេង) …
រាជធានីភ្នំពេញ ÷ បើយោងតាមការប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានឱ្យដឹងថា ÷
– គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ (១០,០៥២សំឡេង),
– គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១,៣៩៤សំឡេង),
– គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នោះទេ។
គួរបញ្ជាក់ថា ចាប់តាំងពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងប្រទេស។ បើតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្ដង ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។
នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតកាលពីម្សិលមិញ គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតមាន ៤ គណបក្ស, ហើយបានដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បីសង្កេតមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ហើយគណៈកម្មការរាជធានី-ខេត្ត សរុបមានចំនួន ២២៨នាក់ (ស្ត្រី ៣៩ នាក់)។
ចំពោះអ្នកសង្កេតការណ៍បោះឆ្នោត គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៧៦០នាក់ (ស្ត្រី ២៥១នាក់) មកពី ១៨សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ អ្នកសង្កេតការណ៍អន្តរជាតិ ៣០នាក់ (ស្ត្រី ១៧នាក់) មកពីសមាគមនិស្សិត និងសមាគមទំនាក់ ទំនងយុវជនកម្ពុជា-ចិន។ ភ្ញៀវពិសេស មាន ៣ រូប ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យចំនួន ៣ នៃប្រទេសជប៉ុន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ និងចេញបណ្ណអ្នកសារព័ត៌មានជាតិ សរុបចំនួន ៣០៦នាក់ (ស្ត្រី ២៩នាក់) មកពី ៤៥ អង្គភាព។ ចំណែកឯអ្នកសារព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ មកពី ១៤អង្គភាព, សម្រាប់ការសរុបជារួម ព្រឹត្តិការណ៍នេះ មានតម្លាភាព ប្រកបដោយយុត្តិធម៌ និងអាចទទួលយកបាន។
តាមច្បាប់កំណត់ សមាជិកព្រឹទ្ធសភា អាចមានស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រីឯ ៥៨រូបផ្សេងទៀត ត្រូវជ្រើសរើសតាមការបោះឆ្នោតអសាកល, សរុប សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ មានចំនួន ៦២រូប ដែលមាន អង្គបោះឆ្នោតជ្រើសតាំង រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប (ស្រី ២,៥៨៤រូប)៕ កុលាបភ្នំពេញ












