ក្រសួងយុត្ដិធម៌  ជំរុញឱ្យព្រះរាជអាជ្ញា និងចៅក្រម អនុវត្តនីតិវិធីស៊ើបសួរចម្លើយលើជនរងគ្រោះជាអនីតិជន ធ្វើយ៉ាងណាឲ្យបានចម្លើយពិត !

 

បើតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងយុត្តិធម៌ទៅលើអ្នកអនុវត្តច្បាប់តាមរយៈប្រព័ន្ធយុត្តិធម៌ គឺព្រះរាជអាជ្ញា និងចៅក្រម ក្នុងករណីផ្ដល់យុត្តិធម៌ទៅដល់ជនរងគ្រោះដែលជាអនីតិជន ឃើញថា នៅមិនទាន់ឆ្លើយតបបានល្អប្រសើរ ទៅនឹងសំណូមពរនៃស្ថានភាពពិសេសនៅឡើយទេ។

ក្រសួងយុត្តិធម៌ ទទួលស្គាល់ផងដែរថាថា កន្លងមក ចៅក្រម និងព្រះរាជអាជ្ញា នៅតាមស្ថាប័នតុលាការ បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងបទបញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ធ្វើបានមួយកម្រិតហើយ  ដូច្នេះ ក្រសួងយុត្តិធម៌ ជំរុញឱ្យរាជអាជ្ញានិងចៅក្រម ពង្រឹង ពង្រីកជំនាញ និងបទពិសោធន៍បន្ថែមទៀត។

លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានចេញសេចក្ដីណែនាំ ស្ដីពី នីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ, នេះបើតាមសេចក្ដីណែនាំ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ។

ព្រះរាជអាជ្ញា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិវិធីច្បាប់ ដោយត្រូវបង្កលក្ខណៈទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត្រ ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីអនុញ្ញាតឲ្យជនរងគ្រោះជាអនីតិថិជន អាចធ្វើការបំភ្លឺ និងផ្ដល់ចម្លើយឲ្យបានច្បាស់លាស់ទាក់ទងនឹងអង្គហេតុនៃបទល្មើ ដែលបានកើតឡើង សំដៅរកឲ្យឃើញការពិតក្នុងរឿងក្ដី ដោយចៀសវាងឲ្យបាននូវការផ្ដល់ចម្លើយស្ថិតក្នុងស្ថានភាពតក់ស្លុត ឬភ័យខ្លាចដោយប្រការណាមួយ។

ចៅក្រមស៊ើបសួរ ត្រូវបំពេញកិច្ចស៊ើបសួរទាំងអស់ដែលខ្លួនយល់ថា មានប្រយោជន៍សម្រាប់បង្ហាញឲ្យឃើញការពិតដោយអនុលោមតាមច្បាប់ ស្របតាមមាត្រា ១២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ក្នុងស្មារតីនេះ ចៅក្រមស៊ើបសួរ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិវិធីតាមច្បាប់ ដោយត្រូវបង្កលក្ខណៈសមស្របទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីអនុញ្ញាតឲ្យជនរងគ្រោះជាអនីតិជនធ្វើការបំភ្លឺ និងផ្ដល់ចម្លើយឲ្យបានច្បាស់លាស់ទាក់ទងនឹងអង្គហេតុនៃបទល្មើសដែលបានកើតឡើង សំដៅរកឲ្យឃើញការពិតក្នុងរឿងក្ដីដោយចៀសវាងឲ្យបាននូវការផ្ដល់ចម្លើយក្នុងស្ថានភាពតក់ស្លុត ឬភ័យខ្លាចណាមួយ។

ជាមួយគ្នានេះ ចំពោះជនរងគ្រោះជាអនីតិជនស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេសសម្រាប់អនីតិជន ដែលមានអាយុក្រោម ១០ឆ្នាំយ៉ាងតិច ចៅក្រមស៊ើបសួរ អាចចុះទៅកាន់លំនៅឋាន ឬទីកន្លែងដែលជនរងគ្រោះជាអនីតិជននោះស្ថិតនៅដោយផ្ទាល់ ដើម្បីស្ដាប់ចម្លើយ ឬបំពេញកិច្ចនីតិវិធីចាំបាច់ផ្សេងទៀតដោយអនុលោមតាមច្បាប់៕

Leave a Reply

Your email address will not be published.