ឱកាសប្រារព្ធខួបឯករាជ្យ លើកទី៧៥ មីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង ៧,០០០នាក់
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣, អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក ហ្សរ មិនទុន (Zaw Min Tun) បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា អ្នកទោសចំនួន ៧,០១២នាក់នឹងត្រូវលើកលែងទោស ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា តើការដោះលែងនេះនឹងរួមមានអ្នកដែលជាប់ពន្ធនាគារ កំលុងការបង្រ្កាបរបស់យោធាលើក្រុមអ្នកប្រឆាំង ព្រមទាំងអ្នកទោសនយោបាយដែរឬយ៉ាងណានោះ។
ដោយឡែកអ្នកទោសដែលជាប់ពិរុទ្ធមនុស្សឃាត រំលោភសេពសន្ថវៈ ឬត្រូវបានដាក់ពន្ធនាគារដោយសារបទល្មើសពាក់ព័ន្ធជាមួយគ្រឿងផ្ទុះ សមាគមខុសច្បាប់សព្វាវុធ គ្រឿងញៀន និងអំពើពុករលួយជាដើម នឹងពុំទទួលបានការដោះលែងឱ្យមានសេរីភាពក្នុងការលើកលែងទោសទ្រង់ទ្រាយធំខាងលើនោះទេ។
កាលពីថ្ងៃពុធម្សិលមិញនេះ បើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសជាង ៧,០០០នាក់ ដើម្បីអបអរខួបទី៧៥ នៃការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសយ៉ាងពិតប្រាកដមែន ប៉ុន្តែមិនលម្អិតថា ដោះលែងអ្នកទោសប្រភេទណានោះទេ។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន របបយោធាមីយ៉ាន់ម៉ា ក៏បានដោះលែងអ្នកទោសប្រមាណ ៦,០០០នាក់ផងដែរ ក្នុងនោះរួម មានទាំង អតីតអគ្គរាជទូតអង់គ្លេស អ្នកកាសែតជប៉ុន ហើយនិងសេដ្ឋវិទូជនជាតិអូស្រ្តាលីម្នាក់ ដែលជាអតីតទីប្រឹក្សារបស់លោកស្រី អោងសាន ស៊ូជី។ រដ្ឋាភិបាលរបស់លោកស្រី ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១៕
















