Update៖ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមិនចាំម៉ាកមួយគ្រឿងបុកបុរសជនជាតិវៀតណាមម្នាក់បណ្តាលអោយស្លាប់នៅចំណុចផ្លូវ៦០ម៉ែត្រ។
ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ បានស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូតាមផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង ។
ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ។សពជនរងគ្រោះខាងលើនេះមានឈ្មោះ វីង ចាំង ហៀវ អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងសំណង់ ស្នាក់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AF-1837 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក បើកបរស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្តង ។
ចំណែកអ្នកបើកបររថយន្តបង្ក បានព្យាយាមបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នគរបាលខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលការិយាល័យចរាចរណ៍ជើងគោក ចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ លោក សួង សាម












