ជនសង្ស័យជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី ….

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូណេស៊ីម្នាក់ លើករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៦:០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមដើមបណ្តឹងឈ្មោះ SAHPUTRA ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថាជនសង្ស័យឈ្មោះ KELVIN HARDIANES ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ីបច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
តាមប្រភពបានឱ្យដឹងថាជនសង្ស័យជាបុគ្គលិកខាងលេីបានលួចផ្ទេរប្រាក់ពីគណនេយ្យរបស់ក្រុមហ៊ុនម្តងបន្តិចៗ ទៅគណនេយ្យម្ដាយរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយមកខាងក្រុមហ៊ុនក៏បានត្រួតពិនិត្យដឹង ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុនតាំងពីអំឡុង ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សរុបបានចំនួន៤០៩,០៩០បាត
(បួនសែនប្រាំបួនពាន់កៅសិបបាត)។ ជាក់ស្តែងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ រូបគេបានលួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុនចំនួន ៦៨,០០០បាត(ប្រាំមួយម៉ឺនប្រាំបីពាន់)បាតទៀតពិតប្រាកដមែន។
ក្រោយឃើញពិរុទ្ធភាពនៃបទល្មើស កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត ហើយកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះដើម្បីចាត់ការបន្ត៕

Leave a Reply

Your email address will not be published.